ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលខេត្តពោធិ៍សាត់ ណែនាំកម្លាំងនគរបាលចុះប្រមូលទិន្នន័យ ជនបរទេសស្នាក់នៅឱ្យបានហ្មត់ចត់ ជៀសវាងការប្រើប្រាស់ទីតាំងប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងក្រោមឱវាទ ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវគ្រប់គ្រងស្ថិតិឱ្យបានច្បាស់លាស់ និងចុះប្រមូលទិន្នន័យប្រជាពលរដ្ឋ និងជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានឱ្យបានហ្មត់ចត់ ដើម្បីបង្ការ និងជៀសវាងការប្រើប្រាស់ទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Scam Online)។

ការណែនាំនេះ ធ្វើឡើងនាព្រឹកថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសលោកឧត្តមសេនីយ៍ទោ ស ថេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែកុម្ភៈ ព្រមទាំងដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្ត។ កិច្ចប្រជុំនេះមានការចូលរួមពីលោកស្នងការរងតាមផែនការងារជំនាញ លោកនាយការិយាល័យ លោកអធិការ និងអធិការរងក្រុង-ស្រុក ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤៩ ឃុំ-សង្កាត់ ចំណុះស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍ក្នុងអង្គប្រជុំ បានបង្ហាញថា ស្ថានភាពបទល្មើសក្នុងខែកុម្ភៈ ឆ្នាំ២០២៦ មានការកើនឡើង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥។ ស្ថានការណ៍នេះ តម្រូវឱ្យកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់ និងអនុវត្តវិធានការណ៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់បទល្មើសឱ្យបានទាន់ពេលវេលា។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ ស ថេង ក៏បានណែនាំឱ្យបន្តពង្រឹងសមត្ថភាព និងយកចិត្តទុកដាក់ខ្ពស់លើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសលួច ឆក់ ប្លន់ ក្មេងទំនើង និងគ្រឿងញៀន។ ទន្ទឹមនោះ ត្រូវជំរុញការផ្សព្វផ្សាយឱ្យបានស៊ីជម្រៅដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សតាមសាលារៀន អំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃសារធាតុញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ។

ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានកោតសរសើរដល់មន្ត្រីដែលបានខិតខំបំពេញភារកិច្ចកន្លងមក និងបានរំលឹកដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនវិន័យការងារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ស្របតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់


ចែករំលែក៖