ហ៊្សេរុយសាឡិម ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា, នាថ្ងៃសៅរ៍នេះ អ៉ីស្រាអែលបានប្រកាសថា ខ្លួនបានបើកការវាយប្រហារទប់ស្កាត់ជាមុនប្រឆាំងប្រទេសអ៉ីរ៉ង់ ដែលទង្វើនេះរុញច្រានមជ្ឈិមបូព៌ា ឆ្ពោះទៅរកការប្រឈមមុខយោធាសាជាថ្មី និងជះស្រមោលកាន់តែងងឹតថែមទៀតទៅលើ សង្ឃឹមនៃការស្វែងរកដំណោះស្រាយការទូត សម្រាប់បញ្ហាវិវាទនុយក្លេអ៊ែរជាយូរមកហើយរបស់ទីក្រុងតេហរ៉ង់ ជាមួយលោកខាងលិច។
ទីភ្នាក់ងារព័ត៌មាន Reuters បានបន្តថា, ការវាយប្រហារថ្មីនេះ កើតមានឡើងបន្ទាប់ពីអាមេរិកនិងអ៉ីស្រាអែល បានព្រមានថា ពួកគេនឹងវាយប្រហារ ប្រសិនបើអ៉ីរ៉ង់ជម្នះអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរនិងមីស៉ីលបាលិស្ទីគរបស់ខ្លួន។ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែលលោក Israel Katz បានប្រកាសថា អ៉ីស្រាអែល បានសម្រេចបើកការវាយប្រហារទប់ស្កាត់ជាមុនលើអ៉ីរ៉ង់ ដើម្បីកម្ចាត់ការគំរាមកំហែងចំពោះប្រទេសរបស់ខ្លួន។ នាថ្ងៃសៅរ៍នេះ សំឡេងផ្ទុះត្រូវបានលឺនៅក្នុងរដ្ឋធានីអ៉ីរ៉ង់ ហើយវីដេអូបង្ហាញពីផ្សែងហុយទ្រលោមនៅទីក្រុងតេហេរ៉ង់ ត្រូវបានចែកចាយលើបណ្តាញសង្គម ៕

ទីភ្នាក់ងារព័ត៌មាន Reuters
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច