ខេត្តស្វាយរៀង៖ នគរបាលស្រុកចន្ទ្រា បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាជនវៀតណាម ៣នាក់ ពាក់ព័ន្ធករណីកាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និង រក្សាទុកឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើស (ចោរកម្ម) ។
នគរបាលស្រុកចន្ទ្រាបានអោយដឹងនៅថ្ងៃទី២៨ខែមេសាឆ្នាំ២០២៦នេះថា ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង
និងមានការបញ្ជារផ្ទាល់ពី លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងចរាចរណ៍ គោលដៅត្រួតពិនិត្យជាតិផ្ទុះ គ្រឿងញៀន និងអាកុល កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១១និង៣០នាទីយប់។
ប្រភពដដែលបញ្ជាក់ថា ដោយមានការសង្ស័យ សមត្ថកិច្ចនគរបាល បានឃាត់ខ្លួនជនសង្ស័យ ជាជនវៀតណាម ៣នាក់(ប្រុស) មកសាកសួរ ទើប ពាក់ព័ន្ធករណីកាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និង រក្សាទុកឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើស (ចោរកម្ម) ។
បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ត្រូវបានកម្លាំងជំនាញ បញ្ជូនខ្លួនទៅការិយាល័យព្រហ្មទណ្ឌខេត្ត ដើម្បីបន្តតាមច្បាប់ ។
សមត្ថកិច្ចនគរបាលបានអំពាវនាវដល់ បងប្អូនសូមចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារជីវិតរបស់យើង និងអ្នកដទៃនិង សូមឆ្លើយថាទេចំពោះគ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគតរបស់យើង គ្រួសារ និងសង្គមជាតិយើង៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច