ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកបាណន់ ចុះល្បាតក្នុងភូមិសាស្ត្រឃាត់ខ្លួនមុខសញ្ញា០៤នាក់ និងម្នាក់មានដីកាបង្គាប់ឱ្យចាប់ខ្លួន ករណីរក្សាទុកថ្នាំញៀន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ អនុវត្តតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២៦ វេលាម៉ោង១៣:៣០នាទី នៅចំណុចភូមិអន្លង់ស្វាយ ឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានចុះល្បាតក្នុងភូមិសាស្ត្រខាងលើ បង្ក្រាបបានករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហ៊ួត សីលា ហៅខ្លា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ ។ វត្ថុតាងចាប់យកបានរួម មាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់, សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០១គ្រឿង ។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោកប៉ង់ ចាន់សុយុទ្ធារាព្រះរាជ អាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង១៤:១០នាទី ក្នុងថ្ងៃខែឆ្នាំដដែល ត្រង់ចំណុចភូមិអណ្តូងនាង ឃុំតាគ្រាម ស្រុកបាណន់ ខេត្ត បាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការ ដ្ឋាននគរបាលស្រុកបាណន់ បានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ទៀត ១.ឈ្មោះ ហន ហាន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិអណ្តូងនាង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង, ២.ឈ្មោះ យ៉ត រ៉ន ភេទប្រុស អាយុ៤៥ ឆ្នាំ មានទីលំនៅភូមិដង្គត់ធ្នង់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង និង៣.ឈ្មោះ ណែម សុខាភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិកំពង់ម្កាក់ ឃុំឃ្លាំងមាស ស្រុកបរវេល ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ ។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់, សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០៣គ្រឿង ។

សូមបញ្ជាក់ថា ជនសង្ស័យម្នាក់ ឈ្មោះ ហ៊ួត សីលា ហៅខ្លា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១១៨០ ចុះថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២៥ របស់លោក ថាន់ ឃុង ចៅក្រមជំនុំ ជម្រះនៃសាលាដំបូងខេត្តបាត់ដំបងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ បទល្មើសមានចែងតាម បញ្ញាត្តិមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕


ចែករំលែក៖