ខេត្តបន្ទាយមានជ័យ៖ ស្រុកទេសកំពុងមានបញ្ហា ពលរដ្ឋខ្មែរមួយចំនួនជឿជាក់លើមេខ្យល់លួងលោមឆ្លងដែនខុសច្បាប់ទៅប្រទេសសៀមប្រថុយនឹងគ្រោះថ្នាក់ដល់ជីវិតត្រូវអាជ្ញាធរថៃបញ្ជូនមកប្រទេសវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចំនួន៥៨នាក់ ដែលសមត្ថកិច្ចច្រកទ្វារខាងលើរង់ចាំទទួលដោយយកចិត្តទុកដាក់រៀបចំឯកសារត្រឹមត្រូវនិងផ្ដល់នូវទឹកសុទ្ធរួមទាំងអាហារជូនផងដែរ។
សមត្ថកិច្ចបន្តថាៈ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅវេលាម៉ោង១៣និង៤០នាទីរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ មន្ត្រីជំនាញបានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃចំនួន៥៨នាក់ ក្នុងនោះមានស្រី ២១នាក់និងកុមារ០១នាក់ ព្រមទាំងបានជួយដឹកជញ្ជូន ចែកនំប៉័ង ទឹកសុទ្ធ ដល់ពួកគាត់ក្នុងម្នាក់នំប៉័ង០១ដើម និងទឹកសុទ្ធ០១ដបគ្រប់ៗគ្នា ។
ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ពលរដ្ឋទាំងអស់ប៉ុស្តិ៍បានធ្វើសម្រង់សាវតារនិងថតរូបតម្កល់ទុកជាឯកសារ បន្ទាប់មកបានប្រគល់ជូនទៅមជ្ឈមណ្ឌលសំចតប៉ោយប៉ែតដើម្បីអនុវត្តនីតិវិធីបន្ត ដែលចប់សព្វគ្រប់នារសៀលថ្ងៃដដែល ៕

ដោយ៖វណ្ណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច