ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទ “ពិភពលោកត្រូវការឆ្មបបន្ថែម ១លាននាក់” សម្ដេចមានក្តីសោមនស្សរីករាយចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងការ លើកតម្កើងនូវតួនាទីដ៏មានសារៈសំខាន់របស់បង-ប្អូនឆ្មប ដែលជាអ្នកគាំពារអាយុជីវិត និងសុខភាពរបស់ស្ត្រី ជាមាតា និងទារក។
ក្នុងនាមកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ខ្ញុំសូមថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ បុគ្គលិកសុខាភិបាលនៅសមរភូមិមុខ ជាពិសេសបង-ប្អូនឆ្មប ដែលមានការលះបង់ដ៏មោះមុត ក្តីមេត្តាករុណា ទៅតាមជំនាញវិជ្ជាជីវៈ ជួយសង្គ្រោះអាយុជីវិតជារៀងរាល់ថ្ងៃ ទាំងនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់, ជម្លោះ និងទុក្ខវេទនា។
ឆ្មប គឺជាស្នូលដ៏សំខាន់ក្នុងការធានាបាននូវសុវត្ថិភាពមាតា និងទារក ព្រោះថា ឆ្មប គឺជាអ្នកផ្តល់នូវការ ថែទាំសំខាន់ៗក្នុងពេលពរពោះ, ក្នុងការជួយដល់ការសម្រាលដោយសុវត្ថិភាព និងធានាដល់ការថែទាំស្ត្រីជាមាតា និងទារកក្រោយសម្រាល។ ទន្ទឹមនឹងនេះ វិជ្ជាជីវៈឆ្មប គឺជាការងារដ៏ឧត្តុង្គឧត្តម និងជាការជួយសង្គ្រោះអាយុ ជីវិតមនុស្ស និងផ្តល់ក្តីសង្ឃឹមដល់គ្រួសារទាំងឡាយ និងជួយឱ្យកុមារម្នាក់ៗ ចាប់ផ្តើមជីវិតប្រកបដោយ សេចក្តីថ្លៃថ្នូរ និងការថែទាំងយ៉ាងហ្មត់ចត់។ អនាគតរបស់យើង គឺអាស្រ័យទៅលើសុខភាពទារក និងមាតា។
សេចក្តីអំពាវនាវជាសកល ដើម្បីស្វែងរកឆ្មបចំនួន ១លាននាក់បន្ថែមទៀត រំលឹកយើងទាំងអស់គ្នាថា ការវិនិយោគលើឆ្មប គឺជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និងអនាគតនៃសង្គមជាតិទាំងមូល។ ចំណុចមួយនេះ រឹតតែមានសារៈសំខាន់ជាពិសេសសម្រាប់ប្រទេសកម្ពុជា ដែលការទទួលបានសេវាថែទាំមាតា និងទារក ដោយឆ្មបជំនាញ នៅតែជាកត្តាដ៏សំខាន់បំផុត ក្នុងសហគមន៍ជនបទ និងតាមតំបន់ដាច់ស្រយាល។ កម្ពុជា បានឆ្លើយតបទៅនឹងការអំពាវនាវនោះ មិនមែនត្រឹមតែតាមរយៈការបង្កើនចំនួនឆ្មបប៉ុណ្ណោះទេ ប៉ុន្តែគឺតាមរយៈ ការធានាថា ឆ្មបគ្រប់រូបដែលយើងបណ្តុះបណ្តាលនៅគ្រប់គ្រឹះស្ថានសុខាភិបាលទាំងអស់ គឺទទួលបានការអប់រំតាមស្តង់ដាជាតិ និងអន្តរជាតិ មានសិទ្ធិសម្រេចចិត្តជាមួយនឹងឧបករណ៍ក្នុងការអនុវត្តការងារ និងត្រូវបាន ទទួលស្គាល់ថាជាអ្នកដឹកនាំម្នាក់ដោយសមត្ថភាពផ្ទាល់ខ្លួន។ ប្រធានបទជាតិរបស់យើងគឺ “ទទួលបានការអប់រំ មានសិទ្ធិសម្រេចចិត្ត និងជាអ្នកដឹកនាំ៖ ឆ្មបកម្ពុជាសម្រាប់មាតាគ្រប់រូប និងគ្រប់កំណើតទារកទាំងអស់” គឺជា ការឆ្លើយតបរបស់យើងចំពោះតម្រូវការចាំបាច់ជាសកលនេះ។
អាស្រ័យហេតុនេះ ខ្ញុំស្នើសុំរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល សូមបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងក្នុងការជំរុញសេវាគ្របដណ្តប់សុខភាពជាសកល។ ទន្ទឹមនឹងនេះដែរ ការវិនិយោគបន្ថែម គឺជារឿងចាំបាច់បំផុត ដើម្បីបង្កើនទាំងបរិមាណ និងគុណភាពនៃមន្ត្រីជំនាញ បុគ្គលិក សុខាភិបាល, គិលានុបដ្ឋាក និងឆ្មប ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋយើង។
ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការគាំទ្រដល់ វិជ្ជាជីវៈឆ្មប ការពង្រីកការបណ្តុះបណ្តាលជំនាញឆ្មប ការពង្រឹងភាពជាអ្នកដឹកនាំ និងក្រមសីលធម៌វិជ្ជាជីវៈ ការកាត់បន្ថយអត្រាមរណៈមាតា និងទារក ព្រមទាំងការកសាងបណ្តាញទំនាក់ទំនងឱ្យកាន់តែរឹងមាំរវាង ផ្នែកសាធារណៈ ឯកជន និងដៃគូអភិវឌ្ឍន៍នានា។
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា រួមជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់កណ្តាល និងសាខាទាំង ២៥ រាជធានី/ខេត្ត សូមប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាល ក្នុងការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីសុខភាពមាតា ទារក កុមារ, ការបង្ការ ទប់ស្កាត់ជំងឺឆ្លង-មិនឆ្លងផ្សេងៗ, អនាម័យ, ទឹកស្អាត និងឥរិយាបថជាវិជ្ជមានដើម្បីសុខភាពល្អ។ ភាពជឿនលឿន ខាងផ្នែកសុខភាពមាតា និងកុមារ ទាមទារការចូលរួមអនុវត្តពីសង្គមជាតិទាំងមូល។
អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវចំពោះស្ត្រីមានផ្ទៃពោះទាំងអស់ ទៅពិនិត្យសុខភាពឱ្យបានទៀងទាត់, សូមសម្រាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានវេជ្ជបណ្ឌិត និងឆ្មបជំនាញ និងសូមទៅទទួលសេវា ថែទាំក្រោយសម្រាលទាំងមាតា និងទារក។ ជាមួយគ្នានេះ ខ្ញុំក៏សូមអំពាវនាវចំពោះបុរសជាស្វាមី, ក្រុមគ្រួសារ, សហគមន៍, ស្ថាប័នសាធារណៈ, ដៃគូអភិវឌ្ឍន៍នានា និងដៃគូពាក់ព័ន្ធទាំងអស់ សូមបន្តជួយគាំទ្រដល់ស្ត្រីមាន ផ្ទៃពោះ, ចូលរួមក្នុងការវិនិយោគលើការអភិវឌ្ឍ និងការពង្រឹងសមត្ថភាពឆ្មប ព្រមទាំងបង្កើតលក្ខខណ្ឌឱ្យកាន់តែ ប្រសើរឡើង សម្រាប់ឆ្មបដែលមានជំនាញក្នុងការបំពេញការងារ ជាពិសេសនៅតាមតំបន់ជនបទ។
សូមឱ្យស្មារតីនៃទិវាឆ្មបជាតិ-អន្តរជាតិ ជួយពង្រឹងការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការធានាថា មាតា និងទារកគ្រប់រូបនៅកម្ពុជាទទួលបាននូវការថែទាំប្រកបដោយសុវត្ថិភាព ការគោរព ការផ្តល់តម្លៃ និងការថែទាំ មានគុណភាពខ្ពស់ ព្រមទាំងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលដោះស្រាយបញ្ហាកង្វះឆ្មប ១លាននាក់ និងដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច