ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០២៦ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនៅកម្ពុជាខ្ពស់ជាងបណ្តាប្រទេសប្រកួតប្រជែងក្នុងតំបន់

ចែករំលែក៖

ភ្នំពេញ ៖ ប្រាក់ឈ្នួលអប្បបរមារបស់បងប្អូនកម្មករនិយោជិតផ្នែកវិស័យកាត់ដេរនៅកម្ពុជាខ្ពស់ជាងបណ្តាប្រទេសប្រកួតប្រជែងក្នុងតំបន់ ដែលរួមមានប្រទេសស្រីលង្កា, មីយ៉ាន់មា, បង់ក្លាដេស, ឡាវ, ប៉ាគីស្ថាន និងឥណ្ឌាជាដើម។ នេះគឺជាការថ្លែងបញ្ជាក់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីពេលថ្មីៗនេះ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ “ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦នេះ ដែលបូកបន្ថែមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីផង បានកើនដល់ចំនួន២១០ដុល្លារ ក្នុង១ខែ ហើយប្រសិនបើបូករួមនឹងអត្ថប្រយោជន៍កាតព្វកិច្ចផ្សេងទៀត គឺប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិតផ្នែកវិស័យកាត់ដេរ (កម្ពុជា) មានចំនួនយ៉ាងតិច ២២៧ដុល្លារ ដល់ ២៤០ ដុល្លារអាម៉េរិក ក្នុង១ខែ ខណៈដែលប្រាក់ឈ្នួលអប្បបរមានៅប្រទេសស្រីលង្កាមានត្រឹមតែ ៩៧ដុល្លារ, មីយ៉ាន់មា៉៩៧ដុល្លារ, បង់ក្លាដេស១០២ដុល្លារ, ឡាវ ១១៦ដុល្លារ, ប៉ាគីស្ថាន ១៤៣ដុល្លារ, ឥណ្ឌា ១៣២ដុល្លារ ទៅ ១៩២ដុល្លារ, វៀតណាមពី ១៤៨ដុល្លារ ទៅ ២១២ដុល្លារ, ឥណ្ឌូណេស៊ីពី ១៣៨ដុល្លារ ទៅ ៣៤០ដុល្លារ”។

ចំពោះលោករដ្ឋមន្ត្រីក្រសួងការងារ ក្រៅតែពីការដំឡើងប្រាក់ឈ្នួលគោលជាបន្តបន្ទាប់ជូនបងប្អូនកម្មករនិយោជិតរួចហើយនោះ ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាល ក៏បានបើកការចរចាជាមួយវិស័យឯកជននិងសហជីពដើម្បីផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នឧបត្ថម្ភចំនួន ២,៥០ដុល្លារជូនបងប្អូនកម្មករនិយោជិតក្នុងបរិបទនៃវិបត្តិប្រេងជាសាកលដែលធ្វើឱ្យកម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់ដែលបានផ្តល់សោហ៊ុយធ្វើដំណើរបន្ថែមដល់កម្មករ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថា ក្រៅពីប្រាក់ឈ្នួលគោលហើយនោះ ជាមធ្យមកម្មករម្នាក់ក្នុងវិស័យកាត់ដេរទទួលបានប្រាក់ចំណូលប្រមាណក្នុងរង្វង់ ៣០០ដុល្លារបូកទាំងការថែមម៉ោងត្រឹមម៉ោង៦ល្ងាចព្រោះកម្មករនៅកម្ពុជាបច្ចុប្បន្ននេះ ទទួលបានមានប្រាក់អត្ថប្រយោជន៍ទាំងសុខភាព ទាំងគ្រោះថ្នាក់ការងារ និងប្រាក់សោធន និងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនដែលប្រសើរជាងច្បាប់៕

ប្រភព ៖ (ទទក)


ចែករំលែក៖