ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាការពារភូមិម្នាក់កំពុងសម្រួលចរាចរណ៍ក្នុងពិធីមង្គលការត្រូវយុវជនម្នាក់ជិះម៉ូតូបុករបួសធ្ងន់ទាំង២ នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មនុស្សចំនួនពីរនាក់បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរ ពេទ្យភ្លាមៗ ខណៈដែលយុវជនម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកប្រជាការពារភូមិ ដែលកំពុងសម្រួលចរាចរណ៍ក្នុងកម្មវិធីមង្គលការមួយកន្លែងពេញទំហឹងបង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់។

ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះបានកើត ឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លើកំណាត់ផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៦ទៅលេខ១១៧ ស្ថិតនៅ ក្នុងភូមិមនោរម្យ ឃុំមនោរម្យស្រុកថ្ពងខេត្តកំពង់ស្ពឺ។

នគរបាលស្រុកថ្ពង បាននិយាយឲ្យដឹងថា នៅមុនពេលកើតមានម៉ូតូ០១គ្រឿងម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1HG- 2518 អ្នកបើកបរមានឈ្មោះ  មុំ សុផាត(របួសធ្ងន់ធ្ងរ) ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិ ដុំខ្វិត ឃុំ វាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺធ្វើដំណើរបើកបរ តាមបណ្តោយផ្លូវជាតិលេខ៤៤ ពីទិសខាងកើតទៅទិសខាងលិច។ លុះពេលធ្វើដំណើរមកដល់ចំណុចខាងលើ បុកមនុស្សម្នាក់ ឈ្មោះវ៉ែន វ៉ិត ភេទប្រុស អាយុ៥៥ឆ្នាំ រស់ នៅក្នុងភូមិមនោរម្យ  ឃុំមនោរម្យ  ស្រុកថ្ពង ជាប្រជាការពារ កំពុងតែសម្រួលចរាចរណ៍នៅលើដងផ្លូវ ក្នុងកម្មពិធីអាពាហ៍ពិពាហ៍ នៅមុខនឹងកន្លែងកើតហេតុ(រងរបួសធ្ងន់ធ្ងរ) បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ច។

នគរបាលស្រុកថ្ពងបន្តថា ក្រោយកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងបានដឹកជនរងគ្រោះទាំងពីរនាក់បញ្ជួនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះព្យាបាលភ្លាមៗ។

នគរបាលស្រុកថ្ពងបានបញ្ជាក់ឱ្យដឹងថា ក្រោយកើតចំពោះវត្ថុតាងម៉ូតូខាងលេី នគរបាលបានយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមនោរម្យ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕


ចែករំលែក៖