ខេត្តស្វាយរៀង៖ លោក យន់ រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដស្វាយរៀង
នាព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ បានជួបសំណេះសំណាល សួរសុខទុក្ខមន្ដ្រីនៅស្ថានីយជញ្ជីងអចល័តបាវិត ស្ថិតនៅក្រុងបាវិត។
ថ្លែងក្នុងពិធី លោកប្រធានមន្ទីរ បានផ្តាំផ្ញើដល់មន្រ្តីស្ថានីយទាំងអស់ ឱ្យខិតខំអនុវត្តការងារទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសទម្ងន់ទាំងក្នុងស្ថានីយ និងជុំវិញស្ថានីយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយត្រូវនាំយករថយន្តដឹកលើកទម្ងន់មកថ្លឹងនៅស្ថានីយ ឬក៏សហការជាមួយក្រុមត្រួតពិនិត្យចល័តចម្រុះរបស់ក្រសួង។
បន្ថែមលើសពីនេះ លោកប្រធាន ក៏បានណែនាំ ដល់មន្រ្តីទាំងអស់ កុំប្រព្រឹត្តសកម្មភាពអសកម្មមួយចំនួនក្នុងទីតាំងស្ថានីយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូររបស់មន្រ្តីរាជការ ត្រូវសហការគ្នា និងប្រកាន់ខ្ជាប់តួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ ស្របតាមបទបញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានធ្វើការបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា៖ឆ្លើយតបទៅនឹងការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក និងផេកមួយចំនួន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ (ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត) អនុញ្ញាតឱ្យរថយន្តធំៗដឹកលើសទម្ងន់ឆ្លងកាត់ និងទារលុយបាយទឹកនោះ ស្ថានីយជញ្ជីងអចល័តបាវិត-ខេត្តស្វាយរៀង សូមធ្វើការបំភ្លឺបដិសេធទាំងស្រុងថាព័ត៌មានខាងលើគឺជាព័ត៌មានមិនពិត និងគ្មានប្រភពច្បាស់លាស់ ។
ដូច្នេះ កុំឱ្យមានការយល់ច្រឡំពីមហាជន មន្ទីរ សូមជូនសេចក្តីបំភ្លឺព័ត៌មានដូចមានភ្ជាប់ខាងក្រោម។
ទន្ទឹមនឹងនេះ មន្ទីរក៏សូមថ្លែងអំណរគុណ ចំពោះសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការផ្តល់ជាព័ត៌មានអំពីការដឹកលើសទម្ងន់កម្រិតកំណត់ ក្នុងន័យស្ថាបនា និងជាការចូលរួមថែរក្សាផ្លូវឱ្យប្រើប្រាស់បានយូរអង្វែង។ ជាពិសេស មន្ទីរសូមទទួលយករាល់មតិរិះគន់ក្នុងន័យស្ថាបនាពីគ្រប់មជ្ឈដ្ឋាន ដើម្បីបំពេញចន្លោះខ្វះខាត និងអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ៖សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច