ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំសមត្ថកិច្ច ជាពិសេសសមត្ថកិច្ចនៅច្រកទ្វារតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានចំពោះការយកឆ្នោតវៀតណាមមកលក់នៅក្នុងខេត្តតាកែវ ហើយសមត្ថកិច្ចក៏ត្រូវទប់ស្កាត់ផងដែរ ចំពោះការល្បែងបញ្ជល់មាន់តាមអនឡាញ។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ អភិបាលខេត្តតាកែវបានលើកឡើងថា កន្លងមកគេឃើញមានការដើរលក់ឆ្នោតវៀតណាមនៅក្នុងក្រុងដូនកែវ ជាពិសេសរហូតមានទៅដល់ការដើរលក់នៅតាមមន្ទីរស្ថាប័នរបស់រដ្ឋថែមទៀតផង។
លោកថា «បញ្ហានេះសមត្ថកិច្ចពាក់ព័ន្ធមិនត្រូវបណ្ដែតបណ្ដោយឲ្យមានតទៅទៀតនោះទេ គឺត្រូវតែទប់ស្កាត់ ក្នុងនោះសមត្ថកិច្ចដែលប្រចាំការនៅតាមច្រកទ្វារបណ្ដោយព្រំដែនត្រូវពិនិត្យឲ្យបានហ្មត់ចត់ កុំឲ្យមានការនាំយក ឆ្នោតវៀតណាមមកលក់នៅក្នុងខេត្តតាកែវតទៅទៀត»។
ក្រៅពីឆ្នោតវៀតណាម លោកអភិបាលខេត្តតាកែវក៏បានណែនាំឲ្យសមត្ថកិច្ចត្រូវទប់ស្កាត់ការលេងល្បែងកន្ទុយលេខ និងការលេងល្បែងបញ្ជល់មាន់តាមអនឡាញ ដោយល្បែងទាំងអស់នេះតែងតែបង្កប់នៅតាមហាងកាហ្វេមួយចំនួន ហើយក៏ត្រូវចុះពិនិត្យតាមកាស៊ីណូមួយចំនួនផងដែរ បើទោះបីជាកាសុីណូនោះមានអាជ្ញាប័ណ្ណក៏ដោយ ចៀសវាងមានការលេងល្បែងខុសច្បាប់ដែលរដ្ឋបានចេញឲ្យកាស៊ីណូទាំងអស់នោះ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច