ព័ត៌មានទាន់ហេតុការណ៍៖

គុណធម៌នយោបាយ និងការបង្រួបបង្រួមជាតិ៖ អត្ថន័យជ្រាលជ្រៅនៃការលើកលែងទោសលោក កឹម សុខា

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងប្រវត្តិសាស្ត្រនយោបាយរបស់កម្ពុជា ការរក្សាបាននូវសុខសន្តិភាព ការឯកភាពជាតិ និងការពង្រឹងសាមគ្គីភាពរវាងខ្មែរ និងខ្មែរ គឺជាបេសកកម្មដ៏ចម្បងបំផុតមួយដែលមិនអាចកាត់ថ្លៃបាន។ បន្ទាប់ពីប្រទេសជាតិធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ ការបែកបាក់ផ្ទៃក្នុង និងការជ្រៀតជ្រែកពីមជ្ឈដ្ឋានបរទេសជាច្រើនទសវត្សរ៍ កម្ពុជាបានចំណាយពេលយ៉ាងយូរ ដើម្បីកសាងស្ថិរភាពនយោបាយ និងការរួបរួមជាតិឡើងវិញ។ នៅក្នុងបរិបទនេះ ការលើកលែងទោសលោក កឹម សុខា មិនមែនគ្រាន់តែជាវិធានការផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាសារនយោបាយដ៏មានអត្ថន័យជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងអំពីគុណធម៌នយោបាយ វប្បធម៌អភ័យទោស និងចក្ខុវិស័យនៃការបង្រួបបង្រួមជាតិរបស់ថ្នាក់ដឹកនាំកម្ពុជា។

ការសម្រេចស្នើសុំការលើកលែងទោសលោក កឹម សុខា ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាការបង្ហាញនូវភាពចាស់ទុំផ្នែកនយោបាយ និងការយល់ឃើញឆ្ងាយជាងការប្រកួតប្រជែងផ្នែកអំណាចធម្មតា។ នៅក្នុងប្រទេសជាច្រើន ជម្លោះនយោបាយជារឿយៗត្រូវបានគេទុកឱ្យកាន់តែធ្ងន់ធ្ងរ ដោយការសងសឹក ឬការប្រើអំណាចដើម្បីបំបាក់និងបំផ្លាញគូប្រជែង។ ប៉ុន្តែសម្រាប់កម្ពុជា ការជ្រើសរើសផ្លូវអត់ឱន និងការបើកច្រកសម្រាប់ការផ្សះផ្សាជាតិ គឺជាការបង្ហាញថា ស្ថិរភាពជាតិមានតម្លៃធំជាងការប្រឈមមុខផ្នែកនយោបាយ។

គុណធម៌នយោបាយ មិនមែនមានន័យថាការលុបបំបាត់ច្បាប់ ឬការមិនគោរពដល់ប្រព័ន្ធយុត្តិធម៌នោះទេ។ ផ្ទុយទៅវិញ វាជាការបង្ហាញថា នៅលើសពីក្របខណ្ឌច្បាប់ រដ្ឋនៅតែមានចិត្តមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះតម្លៃគ្រួសារ និងសង្គម។ ករណីលោក កឹម សុខា ដែលត្រូវការពេលវេលាថែទាំម្ដាយក្នុងដំណាក់កាលចុងក្រោយនៃជីវិត បានក្លាយជាបរិបទមួយដែលធ្វើឱ្យការអត់ឱននយោបាយកាន់តែមានអត្ថន័យផ្នែកមនុស្សធម៌។

ក្នុងន័យនេះ ការលើកលែងទោសមិនមែនជាសញ្ញានៃភាពទន់ខ្សោយរបស់រដ្ឋាភិបាលឡើយ ប៉ុន្តែជាការបង្ហាញថា រដ្ឋាភិបាលមានទំនុកចិត្តលើស្ថិរភាព និងភាពរឹងមាំរបស់ខ្លួនដោយអាចប្រើ “គុណធម៌” ជាមធ្យោបាយដើម្បីពង្រឹងការឯកភាពជាតិដើម្បីធ្វើសុខដុមនីកម្មសង្គមបាន។

ប្រវត្តិសាស្ត្រកម្ពុជា បានបង្ហាញយ៉ាងច្បាស់ថា ពេលណាខ្មែរបែកបាក់គ្នា ពេលនោះជាតិខ្មែរចុះខ្សោយ។ ចាប់តាំងពីសម័យអង្គរ រហូតដល់សង្គ្រាមស៊ីវិលក្នុងសតវត្សទី២០ ការបែកបាក់ផ្ទៃក្នុងជាញឹកញាប់បានបើកឱកាសឱ្យបរទេសជ្រៀតជ្រែក និងធ្វើឱ្យជាតិបាត់បង់កម្លាំង។ ដូច្នេះ ការរក្សាការឯកភាពជាតិ គឺជាបញ្ហាស្នូលសម្រាប់ការរស់រានមានជីវិតរបស់ប្រទេសជាតិ។

ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយ កម្ពុជា បានពង្រឹងសន្តិភាព និងអភិវឌ្ឍន៍យ៉ាងខ្លាំង។ ស្ថិរភាពនយោបាយបានក្លាយជាគ្រឹះសម្រាប់ការវិនិយោគ កំណើនសេដ្ឋកិច្ច និងការកែលម្អជីវភាពប្រជាពលរដ្ឋ។ ក្នុងបរិបទនេះ ការព្យាយាមបង្រួបបង្រួមជាតិ មិនមែនជារឿងសម្រាប់ផលប្រយោជន៍បុគ្គល ឬគណបក្សណាមួយឡើយ ប៉ុន្តែជាផលប្រយោជន៍រួមរបស់ជាតិទាំងមូល។

ការលើកលែងទោសលោក កឹម សុខា អាចត្រូវបានមើលឃើញថា ជាសារមួយទៅកាន់សង្គមខ្មែរ ថា ទោះបីមានទស្សនៈផ្នែកនយោបាយផ្សេងគ្នាក៏ដោយ ក៏នៅតែអាចមានការយោគយល់ ការអត់ឱន និងការរួមរស់ជាមួយគ្នាក្នុងស្មារតីជាតិបាន។ វាជាការបង្ហាញថា ផលប្រយោជន៍ជាតិគួរតែស្ថិតនៅលើសពីការប្រឈមមុខគ្នាផ្នែកនយោបាយ។

បន្ទាប់ពីការលើកលែងទោសនេះ មានសំឡេងមួយចំនួនចេញពីក្រុមប្រឆាំងរបស់រង្សីនិយម ដែលបានរិះគន់ថា ការលើកលែងនេះនៅតែមិនផ្តល់សេរីភាពនយោបាយពេញលេញដល់លោក កឹម សុខា។ ទោះយ៉ាងណា ការរិះគន់បែបនេះក៏បានបង្កើតសំណួរមួយដ៏សំខាន់ថា តើគោលដៅពិតប្រាកដរបស់ក្រុមប្រឆាំងមួយក្រុមតូចដែលហៅក្រុមរង្សីនិយមនោះគឺចង់ឃើញការផ្សះផ្សាជាតិ ឬចង់បន្តភាពតានតឹងនយោបាយ?

នៅពេលដែលសង្គមជាច្រើនបានសាទរចំពោះការបង្ហាញគុណធម៌ និងការបើកផ្លូវសម្រាប់ការបង្រួបបង្រួមជាតិ ការព្យាយាមបដិសេធរបស់ជនអគតិមួយចំនួនចំពោះគុណតម្លៃនៃការលើកលែងទោសនេះ អាចត្រូវបានមើលឃើញថា ជាការមើលរំលងផលប្រយោជន៍រួមរបស់ជាតិទាំងមូល។ ការធ្វើនយោបាយដែលផ្អែកលើការបង្កើតជម្លោះ និងការរក្សាភាពបែកបាក់ អាចនាំឱ្យសង្គមបាត់បង់ស្មារតីសាមគ្គី និងបង្កើតភាពអស់សង្ឃឹមក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។

សម្រាប់ប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងវិបត្តិដ៏ឈឺចាប់ដែលមិនអាចកាត់ថ្លៃបានដូចកម្ពុជា ការរក្សាសន្តិភាព និងស្ថិរភាពគួរតែជាគោលដៅធំបំផុត។ ដូច្នេះ ការប្រើប្រាស់ស្ថានភាពនេះដើម្បីបន្តការប្រឈមមុខនយោបាយ ឬបង្កើតភាពមិនទុកចិត្តគ្នា អាចផ្ទុយទៅនឹងស្មារតីនៃការឯកភាពជាតិដែលប្រជាពលរដ្ឋចង់ឃើញ។

ក្នុងពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងសណ្តាប់ធ្នាប់ពិភពលោកដែលកាន់តែមានភាពមិនប្រាកដប្រជា ប្រទេសតូចៗដូចកម្ពុជា ត្រូវការសាមគ្គីភាពផ្ទៃក្នុងខ្លាំងជាងពេលណាណាទាំងអស់។ កម្លាំងពិតប្រាកដរបស់ជាតិ មិនមែនស្ថិតនៅលើការបែងចែកជាក្រុម ឬការបង្កើតសត្រូវផ្ទៃក្នុងនោះទេ ប៉ុន្តែត្រូវស្ថិតនៅលើសមត្ថភាពក្នុងការរួបរួម និងដាក់ផលប្រយោជន៍ជាតិជាចម្បង។

នយោបាយស្ថាបនា គឺជានយោបាយដែលផ្តោតលើការពង្រឹងជាតិ ការការពារសន្តិភាព និងការបង្កើតបរិយាកាសដែលប្រជាពលរដ្ឋអាចរស់នៅបានដោយសុខសាន្ត។ ផ្ទុយទៅវិញ នយោបាយដែលផ្អែកលើការញុះញង់ ការបង្កជម្លោះ និងការប្រើប្រាស់អារម្មណ៍កំហឹង ដើម្បីទាញយកផលប្រយោជន៍នយោបាយរយៈពេលខ្លី អាចធ្វើឱ្យជាតិចុះខ្សោយក្នុងរយៈពេលវែង។

ក្នុងន័យនេះ ការលើកលែងទោសលោក កឹម សុខា អាចត្រូវបានចាត់ទុកថា ជាសញ្ញានៃនយោបាយស្ថាបនា ដែលផ្តល់អាទិភាពដល់ការរួបរួមជាតិ និងស្ថិរភាពសង្គម។ ទោះបីជាមានការខុសគ្នាផ្នែកនយោបាយក៏ដោយ ក៏ការរួមរស់ក្នុងស្មារតីជាតិខ្មែរ និងការគោរពផលប្រយោជន៍ជាតិ គួរតែជាគោលការណ៍មូលដ្ឋាន។

ការលើកលែងទោសលោក កឹម សុខា មិនមែនគ្រាន់តែជាព្រឹត្តិការណ៍ផ្លូវច្បាប់មួយទេ ប៉ុន្តែជាសារនយោបាយ និងជាសារមនុស្សធម៌ដ៏មានអត្ថន័យសម្រាប់សង្គមកម្ពុជា។ វាបង្ហាញថា ការដឹកនាំដែលមានទំនុកចិត្តលើស្ថិរភាព និងអនាគតរបស់ជាតិ អាចប្រើគុណធម៌ អត់ឱន និងការយោគយល់ ជាមូលដ្ឋានសម្រាប់ការបង្រួបបង្រួមជាតិបាន។

សម្រាប់ប្រជាជាតិខ្មែរ ដែលធ្លាប់រងទុក្ខដោយសារការបែកបាក់ជាច្រើនជំនាន់ សាមគ្គីភាពជាតិ និងសន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលមិនអាចកាត់ថ្លៃបាន។ ដូច្នេះ មិនថាមានភាពខ្វែងគំនិតនយោបាយគ្នាយ៉ាងណាក៏ដោយ ការរក្សាផលប្រយោជន៍ជាតិ ការពង្រឹងឯកភាពជាតិ និងការបដិសេធនយោបាយនៃការបំផ្លាញ គួរតែជាទិសដៅរួមរបស់ខ្មែរទាំងអស់គ្នា៕

ដោយ៖ ពិន វិជ័យ អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ


ចែករំលែក៖