ព័ត៌មានទាន់ហេតុការណ៍៖

កាយដីស្រែប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២២គ្រាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២២គ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញខណៈពេលយកអេស្កាវ៉ាទ័រទៅកាយដីស្រែនៅវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ឈ្មោះ លន់ ម៉េងជូរ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ថាបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ខណៈពេលយកអេស្កាកាយដីស្រែនៅចំណុចខាងលើ ភ្លាមៗនោះអាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យនិងរាយការណ៍បន្តទៅមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ដើម្បីមកពិនិត្យបន្ថែម។

ក្រោយពីមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ចុះទៅពិនិត្យជាក់ស្តែងឃើញថា ក្នុងនោះមានប្រភេទគ្រាប់កាំភ្លើងត្បាល់ ៦០មម ចំនួន១២គ្រាប់ ,ប្រភេទគ្រាប់កាំភ្លើងត្បាល់៨២មម ចំនួន១០គ្រាប់ បន្ទាប់មកប្រមូលយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពដើម្បីធ្វើការដុតកម្ទេចចោល៕


ចែករំលែក៖