ខេត្តស្វាយរៀង៖ នគរបាលស្រុក ហៅក្មេងប្រុសម្នាក់មកសួរនាំនិងបានធ្វើកិច្ចសន្យាអប់រំ បន្ទាប់ពី ជិះម៉ូតូ រោទ៍(ច្នៃបំពង់សីមាំងលឺ) លើផ្លូវបេតុង នៅក្នុងតំបន់តាយសេងនៅស្រុកចន្ទ្រា។
នគរបាលស្រុក បានអោយដឹងថា ដោយមានបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា បានដឹកនាំកម្លាំង និងបញ្ជាផ្ទាល់ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១១និង២៥នាទីយប់ មានប្រជាពលរដ្ឋរាយការមកសមត្ថកិច្ចថា មានក្មេងជិះម៉ូតូ រោទ៍(ច្នៃបំពង់សីមាំងលឺ) ទៅវិញទៅមក លើផ្លូវបេតុង នៅក្នុងតំបន់តាយសេង៣ ស្ថិតនៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា។
ពេលទទួលបានពត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃគគីរ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្រុក បានចុះដល់កន្លែងកើតហេតុក៏ប្រទះឃើញក្មេង ម្នាក់មាន ឈ្មោះ ផ.ណ អាយុ ១៦ឆ្នាំ មានទីលំនៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មុខរបរ មិនពិតប្រាកដ ជិះម៉ូតូម៉ាក សូនិច(SONICH) ពណ៌ទឹកប្រាក់ .និងបាននាំ យកមកប៉ុស្តិ៍សួរនាំ ។
ក្មេងខាងលើ បានឆ្លើយសារភាពថាខ្លួនពិតជាបានជិះម៉ូតូរោទ៍(ច្នៃបំពង់សីមាំងលឺ)ពិតមែន។ លុះនៅព្រឹក ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងហៅអាណាព្យាបាលមកធ្វើកិច្ចសន្យាធានា ដើម្បីយកកូនរបស់គាត់ទៅអប់រំបន្ដ ចំណែកម៉ូតូសមត្ថកិច្ចយកមក រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃគគីរ រយៈពេល ៣ខែផងដែរ៕

ដោយ៖សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច