ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន ២នាក់ ដែលជាម្ចាស់ទីតាំងស្តុកសាច់បង្កក និងផលិតផលនាំចូលពីប្រទេសថៃ នៅក្នុងខណ្ឌទួលគោក និងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងស្តុកសាច់ និងសិប្បកម្មប្រហិតចំនួន ៧កន្លែង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
សមត្ថកិច្ចបានឲ្យដឹងថា ជាលទ្ធផលនៃការចុះត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញម៉្សៅបំពង (ម៉ាក Uncle Brand) នាំចូលខុសច្បាប់ពីប្រទេសថៃចំនួន ២០កេស ស្មើ២០០កញ្ចប់ ព្រមទាំងបានឃាត់ខ្លួនម្ចាស់សិប្បកម្ម និងសម្រេចបិទសៀលឃ្លុំបេទីតាំងនោះភ្លាមៗ។
បន្ទាប់ពីបានសាកសួរម្ចាស់ទីតាំង និងការផ្តល់ព័ត៌មានបន្ថែមពីម្ចាស់ទីតាំងរួច កម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវពន្លាតសំណុំរឿង ដោយសហការជាមួយរដ្ឋបាលខណ្ឌជ្រោយចង្វារ ចុះទៅបង្ក្រាបដល់ឃ្លាំងបោះដុំទំនិញថៃគ្មានយីហោមួយកន្លែងទៀត នៅផ្លូវបេតុង OCIC ភូមិដើមគរ ដែលជាប្រភពចែកចាយ។ រកឃើញផលិតផលគ្រឿងទេស (មិនមែនសាច់បង្កក) មកពីប្រទេសថៃមានចំនួន ៨ មុខ ចំនួន ៨៩៥ កេស ស្មើនឹង ៣,០៩១ គីឡូក្រាម ក្នុងនោះមានផលិតផលថៃ ១មុខ ចំនួន ១០កេស ស្មើនឹង ៨៦គីឡូក្រាម ហួសកាលបរិចេ្ឆទប្រើប្រាស់។ សមត្ថកិច្ចបានដកហូតផលិតផលខុសច្បាប់មួយចំនួនធំ និងឃាត់ខ្លួនម្ចាស់ឃ្លាំងម្នាក់ទៀត ដើម្បីបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់៕

ដោយ៖ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច