ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្ក្រាបបទល្មើសជាក់ស្តែង៣ករណី រួមមាន ៖
-ករណីអំពើលួចទុយយោស្ពាន់ និងដុំក្បាលម៉ាស៊ីនត្រជាក់
-ករណីប៉ុនប៉ងលួចសម្ភារក្នុងអគារទុកចោល
-ករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធចំនួន ៦នាក់ និងដកហូតវត្ថុតាងជាច្រើន រួមមាន ទុយយោស្ពាន់ម៉ាស៊ីនត្រជាក់ ដុំក្បាលម៉ាស៊ីនត្រជាក់ ទូរស័ព្ទដៃ កាបូបយួរដៃ ម៉ូតូ និងឧបករណ៍ប្រើប្រាស់សម្រាប់ធ្វើសកម្មភាពបទល្មើស។ ក្នុងនោះ ករណីឆក់កាបូប សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ និងដកហូតកាបូបយួរដៃ ព្រមទាំងទូរស័ព្ទដៃរបស់ជនរងគ្រោះបានមកវិញ ប្រគល់ជូនម្ចាស់ដើមតាមនីតិវិធី ។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តពង្រឹងការល្បាត ស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានល្អប្រសើរ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច