ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអធិការរងខណ្ឌជ្រោយចង្វារ និងបក្សពួក ពាក់ព័ន្ធករណីធ្វើឱ្យបុរសម្នាក់លោតទឹកស្លាប់ បញ្ជូនខ្លួនទៅតុលាការខេត្តកណ្ដាលហើយ! 

ចែករំលែក៖

ខេត្តកណ្តាល៖ លោកវរសេនីយ៍ទោ សម រីណា អធិការរងនគរបាលខណ្ឌជ្រោយចង្វារ រួមនឹងបក្សពួក ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តកណ្តាល នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៦ បានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងការស្លាប់របស់មន្ត្រីជាប់កិច្ចសន្យាម្នាក់ កាលពីពេលថ្មីៗនេះ។

គួររម្លឹកថា លោកវរសេនីយ៍ទោ សម រីណា អធិការរងនគរបាលខណ្ឌជ្រោយចង្វារ កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំបក្សពួក ៣នាក់ផ្សេងទៀត ចុះទៅឃាត់ខ្លួនជនរងគ្រោះនៅក្រុងអរិយក្សត្រ ខេត្តកណ្តាល ដោយពុំមានបទបញ្ជា ពុំមានដីកាពីតុលាការ និងពុំមានការសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាលនោះឡើយ។ សកម្មភាពនេះបានធ្វើឱ្យជនរងគ្រោះមានការភិតភ័យជាខ្លាំង រហូតសម្រេចចិត្តលោតពីលើសាឡាងចូលទៅក្នុងទឹក បណ្តាលឱ្យលង់ទឹកស្លាប់តែម្តង។

ក្រោយកើតហេតុ និងបន្ទាប់ពីបាត់ខ្លួនកូនប្រុស ម្ដាយរបស់ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីស្វែងរកយុត្តិធម៌។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ សមត្ថកិច្ចនគរបាលខេត្តកណ្ដាល សម្រេចឃាត់ខ្លួនមន្ត្រីនគរបាលបានចំនួន ៣នាក់ហើយ (រួមទាំងលោកអធិការរងផងដែរ) ចំណែកឯបក្សពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបន្ត ដើម្បីយកអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖តារា


ចែករំលែក៖