ព័ត៌មានទាន់ហេតុការណ៍៖

ឈើប្រភេទលេខ ១ ចំនួន២គោយន្តកន្ត្រៃ ត្រូវបានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ទាក់ចាប់បានប្រគល់ជូនសមត្ថកិច្ចជំនាញចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ អមដំណើរដោយលោក ម៉ុក ណារិន នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ បានដឹកនាំសហការីទៅពិនិត្យ និងប្រគល់ទទួលឈើប្រភេទលេខ ១ ( គគីរ ) ដែលកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ទាក់ចាប់បាន នៅតំបន់អូរជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ដោយទទួលបានព័ត៌មានពីបណ្ដាញសម្ងាត់ បានឱ្យដឹងថានៅយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ មានក្រុមកាប់និងដឹកជញ្ជូនឈើខុសច្បាប់ ពីតំបន់ព្រំប្រទល់ ខេត្តកំពង់ធំ និងខេត្តក្រចេះមកកាន់ភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ដើម្បីនឹងដឹកជញ្ជូនបន្តធ្វើអាជីវកម្មនៅទីក្រុងភ្នំពេញ ។ នៅវេលាម៉ោង៤: ៣៥នាទីទៀបភ្លឺ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលទទួលបានបទបញ្ជារួចជាស្រេច បានស្ទាក់ចាប់បានគោយន្តកន្ត្រៃ ដឹកឈើប្រភេទលេខ ១ ចំនួន ២ គ្រឿង តែត្រូវបានជនសង្ស័យរត់គេចខ្លួនបាត់។

នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាឱ្យកងកម្លាំងប្រគល់ឈើ និងគោយន្តកន្ត្រៃដែលដឹកជញ្ជូនឈើខុសច្បាប់ ជូនលោក ម៉ុក ណារិន នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ជាមួយនេះផងដែរ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសំណូមពរដល់ស្ថាប័នជំនាញ និងកងកម្លាំងពាក់ព័ន្ធត្រូវសហការស្រាវជ្រាវ វែករកមុខសញ្ញាជនដែលបានកាប់ និងដឹកជញ្ជូនឈើខុសច្បាប់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែងឡើយ៕


ចែករំលែក៖