ព័ត៌មានទាន់ហេតុការណ៍៖

លោក លី ធុជ ៖ ការគាំទ្ររបស់ប្រទេសចិន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន

ចែករំលែក៖

ភ្នំពេញ ៖លោក លី ធុជ បានបញ្ជាក់ថា ការគាំទ្ររបស់ប្រទេសចិន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ។

លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះ ក្នុងឱកាសដែល លោកចូលរួមជាមួយលោល Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទបញ្ចប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងសម្រាប់សកម្មភាពមីន នៅស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០២៦ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក សែម រតនា អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលរក្សាសន្តិភាព។

លោកបណ្ឌិត លី ធុជ បានបញ្ជាក់ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ហើយសកម្មភាពមីន គឺជាបេសកកម្មមនុស្សធម៌ដ៏សំខាន់ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ និងប្រែក្លាយដីដែលរងផលប៉ះពាល់ដោយសង្គ្រាម ឱ្យក្លាយជាដីមានសុវត្ថិភាពសម្រាប់ការរស់នៅ និងការអភិវឌ្ឍ។

លោកបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់អាទិភាពខ្ពស់ដល់ការកសាង និងថែរក្សាសន្តិភាព សន្តិសុខ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដោយប្តេជ្ញាធានាថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប នឹងរស់នៅដោយសុវត្ថិភាព និងគ្មានការភ័យខ្លាចពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

លោកបានបន្តថា គម្រោងនេះបានបោសសម្អាតផ្ទៃដីរងផលប៉ះពាល់ជាង ៣លានម៉ែត្រការ៉េ ប្រគល់ជូនប្រជាពល រដ្ឋប្រើប្រាស់ដោយសុវត្ថិភាព បង្កបង្កេីនផល និងការ អភិវឌ្ឍ ព្រមទាំងរួមចំណែកការពារអាយុជីវិតប្រជាពល រដ្ឋ លើក កម្ពស់ការយល់ដឹងអំពីហានិភ័យគ្រាប់មីន និងកសាងបរិយា កាសរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់សហគមន៍។

លោក លី ធុជ បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យសកម្មភាពមីនមនុស្ស ធម៌។ ការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសចិន មិនត្រឹមតែជាសក្ខីភាពនៃចំណងមិត្តភាព ដែកថែប និង ទំនាក់ទំនង ជា ប្រវត្តិសាស្ត្រ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការពង្រឹងសន្តិភាព ជំរុញការអភិវឌ្ឍ និងកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ ៕

ដោយ៖សំរិត


ចែករំលែក៖