ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានជួបដោយចៃដន្យជាមួយក្មេងៗជាង ១០០នាក់ នៃអង្គការផ្ទះបាយកុមារ នៅផ្សារទំនើបជីបម៉ុង២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ ដោយបានផ្ដាំផ្ញើឱ្យកូនៗ ចៅៗ ធ្វើជាកូនល្អ សិស្សល្អនិងពលរដ្ឋល្អ ត្រូវមានសីលធម៌រស់នៅមានគុណធម៌ក្នុងសង្គម នោះកូនៗ ចៅៗនឹងមានអនាគតល្អ ក្នុងដំណើរជួបដោយចៃដន្យកាលពីថ្ងៃព្រហស្បត្តិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើបជឹបម៉ុងបឹងទំពន់ ។
ក្នុងជំនួបចៃដន្យនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើដល់កូនៗ ចៅៗ ដើម្បីជាទុនគំនិត និងជាត្រីវិស័យបង្ហាញផ្លូវ រួមមាន ៖ ១.ត្រូវខិតខំយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង ទាំងចំណេះដឹងទូទៅនិងជំនាញវិជ្ជាជីវៈ ទោះបីជាស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ព្រោះមានតែការសិក្សាប៉ុណ្ណោះ ទើបអាចកែប្រែវាសនា និងអនាគតរបស់ខ្លួនឯងនិងគ្រួសារបាន។ ២. ត្រូវយកចិត្តទុកដាក់លើការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងរក្សាអនាម័យខ្លួនប្រាណឱ្យបានល្អជាប្រចាំ ដើម្បីជៀសផុតពីជំងឺតម្កាត់ផ្សេងៗ ដែលធ្វើឱ្យខាតបង់ទាំងពេលវេលាសិក្សា និងថវិកា។ ៣. ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខ មិនត្រូវដាច់ខាតកុំប៉ះពាល់ ឬសាកល្បងគ្រឿងញៀន ល្បែងស៊ីសង និងការសេពគប់មិត្តភក្តិមិនល្អដែលនាំឱ្យខូចអនាគត និងបង្កភាពវឹកវរដល់សង្គមជាតិ។ ៤. ធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ត្រូវមានសីលធម៌រស់នៅមានគុណធម៌ ចេះគោរពចាស់ទុំ ស្តាប់បង្គាប់លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងអ្នក មានគុណដែលបានជួយជ្រោមជ្រែងយើង។ ៥. រក្សាស្មារតីតស៊ូ និងក្ដីសង្ឃឹម ដោយមិនត្រូវបោះបង់ក្តីសង្ឃឹមក្នុងជីវិតឡើយ ត្រូវមានការអត់ធ្មត់ ភាពជឿជាក់លើខ្លួនឯង និងតស៊ូជម្នះរាល់ឧបសគ្គ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់អភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ។
នៅក្នុងជំនួបដោយចៃដន្យនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា ជូនដល់ចៅៗនិងក្មួយៗនាពេលនេះដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅបំផុត។ ជាមួយគ្នានេះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏តែងតែផ្សារភ្ជាប់នូវក្តីស្រឡាញ់ដល់ចៅៗ នៅគ្រប់ទីកន្លែង ។
សូមរំលឹកថា ៖ អង្គការផ្ទះបាយកុមារ គឺជាទីកន្លែងដ៏មានសារៈសំខាន់មួយ ដែលបាននិងកំពុងផ្តល់អាហារដោយឥតគិតថ្លៃ ជូនដល់កុមារប្រមាណ២០០ ទៅ ២៥០នាក់ ជាប្រចាំរៀងរាល់ថ្ងៃ។ កុមារដែលទទួលបានការឧបត្ថម្ភទាំងនោះ ភាគច្រើនគឺជាកុមារដែលរស់នៅតាមសួនសាធារណៈ កុមារគ្មានផ្ទះសម្បែង កុមារដែលត្រូវរា៉ប់រងបន្ទុករកស៊ីចិញ្ចឹមគ្រួសារ កុមារដែលមិនមានការយកចិត្តទុកដាក់ថែរក្សាពីអាណាព្យាបាល និងកុមារអនាថាដែលរស់នៅក្នុងតំបន់អនាធិបតេយ្យនានា ក្នុងរាជធានីភ្នំពេញ។
ទន្ទឹមនឹងនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានឧបត្ថម្ភដល់ លោកគ្រូ-អ្នកគ្រួចំនួន១៥នាក់ ក្នុងម្នាក់ ថវិកា ៣ម៉ឺនរៀល និងចំពោះក្មេងៗចំនួន ជាង១០០នាក់ ក្នុងម្នាក់ៗថវិកកា ១ម៉ឺនរៀលផងដែរ ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច