ព័ត៌មានទាន់ហេតុការណ៍៖

កុមារីកំព្រាអាយុ១០ឆ្នាំ ត្រូវជីតាចុងរំលោភ និងគំរាមសម្លាប់ ខណៈជនសង្ស័យរត់គេចខ្លួនជាង១ខែ សមត្ថកិច្ចមិនទាន់ចាប់បាន

ចែករំលែក៖

ខេត្តតាកែវ៖ ករណីរំលោភសេពសន្ថវៈដ៏ឃោរឃៅមួយ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងសម្តែងការ ឈឺចាប់យ៉ាងខ្លាំង បន្ទាប់ពីកុមារីកំព្រាអាយុ១០ឆ្នាំម្នាក់ ត្រូវបានជីតាចុងរបស់ខ្លួនបង្ខំរំលោភជាច្រើនលើក និងគំរាមអាករសម្លាប់ ប្រសិនបើហ៊ានទម្លាយរឿងនេះប្រាប់អ្នកដទៃ។

ប្រភពព័ត៌មានបានឱ្យដឹងថា កុមារីរងគ្រោះអាយុ ១០ឆ្នាំ ជាក្មេងស្រីកំព្រាឪពុកម្តាយតាំងពីតូច និងរស់នៅក្នុងជីវភាពខ្វះខាតជាមួយបងប្រុសបង្កើត និងជីដូនចាស់ នៅភូមិត្រពាំងលើក ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

ប្រភពដដែលបញ្ជាក់ថា ករណីនេះត្រូវបានបែកការណ៍កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីជនសង្ស័យឈ្មោះ គក ពាំង អាយុ៧៨ឆ្នាំ ដែលត្រូវជាជីតាចុង បានព្យាយាមធ្វើសកម្មភាពអនាចារលើកុមារីរងគ្រោះម្តងទៀត។ សកម្មភាពនេះត្រូវបានបងប្រុសរបស់កុមារីរងគ្រោះប្រទះឃើញផ្ទាល់ភ្នែក ក្រោយមានការសង្ស័យជាយូរមកហើយ។ ភ្លាមៗនោះ ជនសង្ស័យបានរត់គេចខ្លួនបាត់ពីមូលដ្ឋាន។

អ្វីដែលធ្វើឱ្យមហាជនមានការងឿងឆ្ងល់ និងផ្ទុះការរិះ គន់នោះ គឺរហូតមកដល់ពេលនេះ ជាង១ខែបានកន្លងផុតទៅហើយ ប៉ុន្តែសមត្ថកិច្ចមូលដ្ឋាននៅមិនទាន់អាចស្វែងរក និងឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់បាននៅឡើយ។ ស្ថានភាពនេះបានធ្វើឱ្យកុមារីរងគ្រោះ និងក្រុមគ្រួសារ រស់នៅក្នុងភាពភ័យខ្លាច និងបារម្ភពីសុវត្ថិភាពរបស់ខ្លួន ដោយសារតែការគំរាម កំហែងពីជនល្មើស។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសម្តែងការហួសចិត្ត និងដាក់ជាសំណួរថា តើមានមូលហេតុអ្វីបានជាការតាមចាប់ខ្លួនជនសង្ស័យមានភាពយឺតយ៉ាវ ខណៈករណីនេះជាបទល្មើសធ្ងន់ធ្ងរពាក់ព័ន្ធនឹងការរំលោភបំពានលើកុមារ និងសិទ្ធិមនុស្ស។

មហាជន និងប្រជាពលរដ្ឋក្នុងខេត្តតាកែវ កំពុងទទូចស្នើសុំឱ្យថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តតាកែវ ជួយអន្តរាគមន៍ និងជម្រុញឱ្យសមត្ថកិច្ចជំនាញពន្លឿនការស្វែងរក និងចាប់ ខ្លួនជនសង្ស័យឱ្យបានឆាប់រហ័ស ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ ផ្តល់យុត្តិធម៌ជូនកុមារីរងគ្រោះ និងពង្រឹងជំនឿរបស់ប្រជាពលរដ្ឋលើការអនុវត្តច្បាប់ និងការការពារកុមារនៅក្នុងសង្គម៕


ចែករំលែក៖