ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសអ្នក ស្រី ធី សុវណ្ណថា អតីតអភិបាលរងក្រុងអរិយ៍ក្ស័ត្យ នឹងឈ្មោះ ផែ សុវណ្ណារិទ្ធ ជជាប្តីដាក់ពន្ធនាគារម្នាក់ៗកំណត់៣ ឆ្នាំ និងពិន័យជាប្រាក់ ៦ លានរៀល ពាក់ពន្ធពីបទធ្វើឲ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅក្នុងអំឡុងឆ្នាំ២០២៥ ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នគរបាលរាជធានីភ្នំពេញ បាននាំខ្លួនអតីតអភិបាលរងក្រុងអរិយក្សត្រ គឺអ្នកស្រី ធី សុវណ្ណថា និងប្តីទៅតុលាការដើម្បីសាកសួរពាក់ព័ន្ធករណី «មាត់អត់គម្រប» បង្ហោះព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ធ្វើឲ្យមានការប៉ះពាល់ដល់ការងារសន្តិសុខជាតិនិងសង្គម ពេលសភាពការណ៍ខ្មាំងសត្រូវសៀមកំពុងឈ្លាន ពានដែនអធិបតេយ្យភាពកម្ពុជាយ៉ាងក្តៅគគុក ។ សំណុំរឿងអ្នកស្រី ធី សុវណ្ណថា និងប្តី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបើកការស៊ើបសួរពីបទធ្វើឲ្យខូចទឹកចិត្តកងទ័ព តាមមាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ ។
គូររំឭកថា នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីនគរបាលយុត្តិធម៌ផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញ ”លិខិតកោះហៅ” អ្នកស្រី ធី សុវណ្ណថា អាយុ ៣០ឆ្នាំ មានអាសយ
ដ្ខានផ្ទះលេខ ២៧០ ផ្លូវលេខ ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យចូលខ្លួនមកកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ចំណុះផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៥ និង ០០នាទី ដើម្បីមកបំភ្លឺលើការប្រើប្រាស់បណ្តាញសង្គម។
ក្រោយពីសមត្តកិច្ចបានចេញលិខិតកោះហៅ អ្នកស្រី ធី សុវណ្ណថា បានបង្ហោះសំណេរតបតជាច្រើន ដូចជា ៖
(ខ្ញុំមិន Call ទៅថ្នាក់ដឹកនាំទេ លោករវល់ខ្លាំង ពួកមន្ត្រីខួចឆ្លៀតឱកាសធ្វើបាបខ្ញុំ ខ្ញុំត្រូវឃាត់ខ្លួននៅប៉ូលីសក្រុងថា”) (ខ្ញុំផ្សាយ ថៃចល័តទ័ព ថៃបាញ់ ដើម្បីប្រជាជនដឹងត្រៀមជម្លៀស ហេតុអ្វីប្តឹងខ្ញុំបំភ័យប្រជាជន ? បំណងល្អខ្ញុំត្រវជាន់ឈ្លី…ថា) (២០ម៉ោងហើយប៉ូលីសក្រុងភ្នំពេញឃាត់ខ្លួនខ្ញុំករណីផ្សាយព័ត៌មានមិនពិត បំភ័យប្រជាជន “ជួយខ្ញុំផង”ថា) ។ អ្នកស្រី ធី សុវណ្ណថា រួមជាមួយនឹងប្តីចូលខ្លួនតាមការកោះហៅរបស់សមត្តកិច្ច ទើបសមតកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ។
ទីបំផុតនៅរសៀលថ្ងៃដដែលចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនអ្នកស្រី ធី សុវណ្ណថា ដាក់ពន្ធនាគារខេត្តកំពង់ស្ពឺ ចំណែកឈ្មោះ ផែ សុវណ្ណារិទ្ធ ជាស្វាមី ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលជាបណ្តោះអាសន្ន ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច