ភ្នំពេញ៖ ក្រុមជម្រើសជាតិបាល់ទះរបស់កម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ដោយយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី ៣សិត ទល់២ យ៉ាងស្វិតស្វាញបំផុតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ SEA V.Cup 2026 ជើងទី១ នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកីឡា Candon City ប្រទេសហ្វីលីពីន។
ការយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ីនាពេលនេះ គឺជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយទៀត សម្រាប់វិស័យបាល់ទះកម្ពុជា ក្នុងការបង្ហាញខ្លួនលើកទី២ ក្នុងពានរង្វាន់បាល់ទះ SEA V.Cup ដ៏ធំប្រចាំតំបន់។ កម្ពុជា បានបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតពានរង្វាន់ SEA V.Cup កាលពីឆ្នាំ២០២៥។ ការប្រកួតពេលនោះ កម្ពុជាពុំស្គាល់ជ័យជម្នះសូម្បី ១ប្រកួត។
សូមបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតជើងទី១ នៅហ្វីលីពីន ព្រឹត្តិការណ៍ SEA V.Cup 2026 នឹងបន្ដការប្រកួតជើងទី២ នៅប្រទេសឥណ្ឌូនេស៊ីវិញម្ដង នាថ្ងៃទី២២-២៦ ខែកក្កដាខាងមុខ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច