ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ូធីប្រកាសបិទផ្លូវសមុទ្ររបស់អារ៉ាប៊ីសាអូឌីត អាចមានសមរភូមិថ្មី១ទៀតកើតឡើង

ចែករំលែក៖

នៅថ្ងៃទី 21 ខែកក្កដា កងកម្លាំងហ៊ូធីនៅយេម៉ែនបានប្រកាសពីការដាក់ «ការបិទផ្លូវសមុទ្រ» លើអារ៉ាប៊ីសាអូឌីត ដែលជាចលនាមួយដែលត្រូវបានគេមើលឃើញថាជាការបើករណសិរ្សថ្មីមួយ ចំពេលមានជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាន់តែកើនឡើង និងជំរុញទីផ្សារថាមពលពិភពលោកឱ្យធ្លាក់ចូលទៅក្នុងអស្ថិរភាពថ្មី។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ អារ៉ាប៊ីសាអូឌីត បានថ្កោលទោសនូវអ្វីដែលខ្លួនចាត់ទុកថា ជាការចោទប្រកាន់ខុសច្បាប់ពីសំណាក់ក្រុមហ៊ូទី ដែលថាអារ៉ាប៊ីសាអូឌីតកំពុងឡោមព័ទ្ធប្រជាជនយេម៉ែន ហើយយកលេសប្រកាសបិទផ្លូវសមុទ្រអារ៉ាប៊ីសាអូឌីត។

ហ៊ូទី ដែលជាចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ មានមូលដ្ឋាននៅយេម៉ែន បាននិយាយថាក្រុមរបស់ខ្លួន នឹងការហាមឃាត់ធ្វើដំណើរផ្លូវសមុទ្រ ហើយចាប់ផ្តើមអនុវត្តភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងការឡោមព័ទ្ធ និងគាបសង្កត់ ដែលអារ៉ាប៊ីសាអូឌីតបានដាក់លើយេម៉ែន។ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានចាត់ទុកជាការចោទប្រកាន់ដោយខុសច្បាប់ ហើយថាអារ៉ាប៊ីសាអូឌីត នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារនាវារបស់ខ្លួន។

យេម៉ែន បានធ្លាក់ក្នុងសង្គ្រាមស៉ីវិលអស់រយៈពេលជាង ១ទសវត្សរ៍មកហើយ ចាប់តាំងពីក្រុមហ៊ូទី ចូលកាន់កាប់រដ្ឋធានី Sanaa ដែលបានជំរុញឱ្យមានការអន្តរាគមន៍យោធា ដឹកនាំដោយអារ៉ាប៊ីសាអូឌីតឆ្នាំ ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិ។ ការប្រកាសបិទផ្លូវសមុទ្រនេះ អាចជាការបើកតំបន់ជម្លោះថ្មីមួយទៀត នៅក្នុងសង្រ្គាមអាមេរិកជាមួយអ៉ីរ៉ង់ ព្រមទាំងបង្កើនហានិភ័យចំពោះការផ្គត់ផ្គង់ថាមពល និងពាណិជ្ជកម្មសកលនៅក្រៅតំបន់ឈូងសមុទ្រ៕


ចែករំលែក៖