ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាបន្តបេសកកម្មការទូតរបស់ខ្លួនក្នុងការជម្រាបការពិតទៅកាន់អន្តរជាតិ ស្តីពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ 

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្តីពីលទ្ធផលនៃកិច្ចជំនួបរវាងលោក កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី Abigail Fryer អនុប្រធានបេសសកម្មនៃស្ថានទូតអង់គ្លេសប្រចាំកម្ពុជាបានឲ្យដឹងថា នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា (គ.ស.ម.ក.) តំណាងដ៏ខ្ពង់ខ្ពស់លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធាន គ.ស.ម.ក. បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Abigail Fryer អនុប្រធានបេសសកម្មនៃស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា នៅសាលប្រជុំ គ.ស.ម.ក.។

ក្នុងជំនួបនេះ លោក កែវ សុទ្ធិ បានជម្រាបដល់លោកស្រី Abigail អំពីសកម្មភាពឈ្លានពានរបស់ប្រទេសថៃ ការបន្តកាន់កាប់ ព្រមទាំងការអះអាងថាជារបស់ខ្លួននូវប្រាសាទនិងដែនដីមួយចំនួនរបស់កម្ពុជា និងបញ្ហាសិទ្ធិមនុស្សដែលកើតឡើងមកពីការឈ្លានពាននេះ។ បន្ថែមពីលើនេះ លោកស្រី Abigail Fryer បានសម្តែងនូវការសោកស្តាយចំពោះផលប៉ះពាល់ផ្សេងៗដែលបានកើតឡើង ហើយលោកស្រីក៏សង្ឃឹមថា ប្រទេសទាំងពីរនឹងអាចស្វែងរកដំណោះស្រាយបញ្ហាបានឆាប់រហ័ស និងកសាងបាននូវសន្តិភាពយូរ អង្វែងក្នុងនាមជាប្រទេសជិតខាង។

គួររំលឹកផងដែរថា ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជួបជាមួយលោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះបំណងរបស់ លោក Thomas Andrews ក្នុងការចុះពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជាជាក់ស្តែងនៅតំបន់ព្រំដែន និងបានពន្យល់បន្ថែមអំពីប្រវត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់ដែលប្រជាជនកម្ពុជាកំពុងទទួលរងគ្រោះហើយក៏បានលើកឡើងអំពីសិទ្ធិក្នុងការបញ្ចេញមតិផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖