ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងជោគជាំបង្កហិង្សាបណ្តាលឱ្យរងរបួសព្រោះទំនាស់ពាក្យសំដីនៅស្រុកបាណន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២០និង៤៩នាទីប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទឺ១ នៃអធិការដ្ឋាននគរបាលស្រុកបាណន់បានទទួលព័ត៌មានពីឈ្មោះ ឡិក សាខុន ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅភូមិសសរពក ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលបានរាយការណ៍ថា នៅវេលាម៉ោង២០និង២០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចកើតហេតុខាងលើ មានមនុស្ស០១ក្រុម គ្នាចំនួន០៣នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បាននាំគ្នាធ្វើសកម្មភាពព្រួតគ្នាវាយលើជនរងគ្រោះឈ្មោះ គាន គាល ហៅ សិទ្ធភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិសសរពក ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបងបណ្តាលឱ្យរងរបួសបែកក្បាល ហើមជាំផ្ទៃមុខ និងដាច់រលាស់ស្បែកផ្នែកខ្នងដោយមិនដឹងពីមូលហេតុ ។

ទទួលព័ត៌មាននិងសេចក្តីរាយការណ៍នេះ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ដឹកនាំកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុករួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទឺ១ស្រាវជ្រាវ ដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យចំនួន ០៣នាក់៖

១-ឈ្មោះ តុង សុវណ្ណ ហៅ បារាំងភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិសសរពក ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ។

២-ឈ្មោះ យឿប ចំរើនហៅ យោកភេទប្រុស អាយុ៤៦ឆ្នាំ ទីលំនៅភូមិបត់សាលា ឃុំឈើទាលស្រុកបាណន់ ខេត្តបាត់ដំបង ។

៣-ឈ្មោះ សាន់ មិញហ្វុង ហៅ អៀវភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

ដោយនាំមកធ្វើការសាកសួរ ក្នុង នោះគេបានឆ្លើយសារភាពថាគេបានធ្វេីសកម្មភាពវា-យទៅលេីជនងគ្រោះខាងលេីប្រាកដមែនដោយមូលហេតុទាស់ពាក្យសំដីគ្នាក្នុងពេលស្រវឹង។

ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននិងរៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់៕


ចែករំលែក៖