កូរ៉េខាងត្បូងកំពុងជួបប្រទះនឹងរលកកម្ដៅដ៏ខ្លាំងបំផុត ដែលរំខានដល់ការរស់នៅរបស់មនុស្ស និងឆក់យកជីវិតមនុស្ស ១៩នាក់។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung នៅថ្ងៃទី៤ ខែសីហា បានអំពាវនាវឱ្យអាជ្ញាធរបង្កើនការគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ដោយរលកកម្ដៅដ៏ខ្លាំងបំផុត ដោយប្រកាសថាវាជា “គ្រោះមហន្តរាយជាតិ” បន្ទាប់ពីអាកាសធាតុអាក្រក់នេះត្រូវបានគេជឿថាបានបណ្តាលឱ្យមនុស្ស ១៩នាក់ស្លាប់។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Lee បានណែនាំមន្ត្រីឱ្យអនុវត្តវិធានការចាំបាច់ដើម្បីការពារជីវិតប្រចាំថ្ងៃរបស់ប្រជាជន និងត្រួតពិនិត្យប្រព័ន្ធថាមពល ខណៈដែលការប្រើប្រាស់ម៉ាស៊ីនត្រជាក់កើនឡើង។
លោក Lee បានមានប្រសាសន៍ថា “អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀតនោះគឺថា បាតុភូតអាកាសធាតុមិនធម្មតាទាំងនេះធ្វើឱ្យវាមានលទ្ធភាពខ្ពស់ដែលស្ថានភាពអាកាសធាតុអាក្រក់នឹងបន្តកើតមានរយៈពេលយូរ” ដោយអំពាវនាវឱ្យមានការផ្លាស់ប្តូរដ៏សំខាន់នៃប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយ ដើម្បីទប់ទល់នឹងស្ថានភាពអាកាសធាតុដ៏គ្រោះថ្នាក់។ រដ្ឋបាលឧតុនិយមកូរ៉េ (KME) បានរាយការណ៍ថា ទីក្រុង Yangsan ដែលស្ថិតនៅក្នុងតំបន់ដីគោក ដែលមានទីតាំងនៅក្នុងអាងមួយនៅភាគអាគ្នេយ៍នៃប្រទេស បានកត់ត្រាសីតុណ្ហភាព ៤២.៥អង្សាសេ នៅថ្ងៃទី២ ខែសីហា ដែលជាសីតុណ្ហភាពខ្ពស់បំផុតចាប់តាំងពីប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមសង្កេតមើលឧតុនិយម ១២២ ឆ្នាំមុន។
ទីភ្នាក់ងារនេះក៏បានចេញការព្រមានអំពីកំដៅលើកដំបូងរបស់ខ្លួនសម្រាប់តំបន់មួយចំនួននៅក្នុងទីក្រុងសេអ៊ូល និងខេត្ត Gyeonggi ដែលនៅជិតខាងនៅថ្ងៃទី៣ ខែសីហា មុនពេលពង្រីកការព្រមានដល់រដ្ឋធានីទាំងមូលនៅថ្ងៃទី៤ ខែសីហា។ ការព្រមានអំពីកំដៅបានណែនាំប្រជាជនឱ្យផ្អាកសកម្មភាពក្រៅផ្ទះជាបណ្តោះអាសន្ន ដូចជាការធ្វើស្រែចម្ការ លេងកីឡា និងធ្វើការនៅការដ្ឋានសំណង់។
ចំនួនថ្ងៃក្តៅជាមធ្យមក្នុងមួយឆ្នាំនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងទ្វេដងដល់ ១៩ថ្ងៃក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ យោងតាមនិយមន័យរបស់កូរ៉េ ថ្ងៃក្តៅគឺជាថ្ងៃដែលមានសីតុណ្ហភាពអតិបរមាយ៉ាងហោចណាស់ ៣៣អង្សាសេ។
អ្នកស្រុកមួយចំនួនត្រូវបានផ្លាស់ទៅរស់នៅបណ្តោះអាសន្នដែលផ្តល់ដោយរដ្ឋាភិបាល ដែលមានម៉ាស៊ីនត្រជាក់។ ទោះជាយ៉ាងណាក៏ដោយ តំបន់នេះក៏មានប្រជាជនអនាថាច្រើនផងដែរ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច