ខេត្តកណ្តាល៖ លោក ឈឹម ឃឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសមាជិកអង្គការសុខភាពពិភពលោក (WHO) ដែលបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួម «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩» (9th APPF-GH) នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ការអញ្ជើញមកដល់របស់គណៈប្រតិភូអន្តរជាតិបានបង្ហាញពីការចូលរួម និងការប្តេជ្ញាចិត្តរួមរបស់បណ្តាប្រទេស និងភាគីពាក់ព័ន្ធក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់សុខភាពសកល ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំរុញការចែករំលែកបទពិសោធន៍ និងចំណេះដឹងក្នុងវិស័យសុខភាពសាធារណៈ។
គួរបញ្ជាក់ថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩» (9th APPF-GH) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
វេទិកានេះ គឺជាឱកាសដ៏សំខាន់សម្រាប់សមាជិកសភា និងភាគីពាក់ព័ន្ធមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមគ្នាពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ ដើម្បីរួមចំណែកដល់ការលើកកម្ពស់សុខភាពសកល និងការសម្រេចបាននូវប្រព័ន្ធសុខាភិបាលដែលមានប្រសិទ្ធភាព បរិយាបន្ន និងមានភាពធន់សម្រាប់ប្រជាជនគ្រប់រូប៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច