ព័ត៌មានទាន់ហេតុការណ៍៖

បុរសអ្នកបង់សំណាញ់ម្នាក់ត្រូវទឹកកួចបាត់ខ្លួនពេលចុះដោះសំណាញ់ ខណៈទឹកកំពុងហូរខ្លាំង

ចែករំលែក៖

ខេតុ្តបាត់ដំបង ៖ បុរសម្នាក់ទៅបង់សំណាញ់ ត្រូវទឹកហូរកួចបាត់ខ្លួនសូន្យឈឹង  ចាប់តាំងពីម៉ោង៧ព្រឹក  បើគិតត្រឹមម៉ោង២និង៣០នាទីរសៀលថ្ងៃទី១១ ខែសីហា នេះ គេនៅមិនទាន់រកឃើញនៅឡើយទេ បើទោះជាបងប្អូនប្រជាពលរដ្ឋ ក្រុមគ្រួសារ រួមទាំងសមត្ថកិច្ចផងបានប្រឹងប្រែងចុះរាវរក និងតាមស្វែងរកគ្រប់ទិសទីក្ដី ។

ប្រជាពលរដ្ឋរាយការណ៍ថា ហេតុការណ៍នេះបានកើត ឡើងនៅចំណុចខាងលើសំណងប្រឡាយទឹក១កន្លែង ស្ថិតក្នុងភូមិអូរស្លាបប៉ាង ឃុំតាគ្រាម ស្រុកបាណន់ គេមិនទាន់ស្គាល់អត្តសញ្ញាណអ្នកបង់សំណាញ់ដែលបាត់ខ្លួននោះនៅឡើយទេ ។ ប៉ុន្តែបើតាមសមត្ថកិច្ចបានប្រាប់ថា  ជនរងគ្រោះនោះជាអ្នកស្រុកថ្មគោល ។

គេឃើញមនុស្សម្នាជាច្រើននាក់បាននាំគ្នាជិះម៉ូតូទៅបង់សំណាញ់នៅចំណុចកើតហេតុនោះ តាំងពីព្រលឹមថ្ងៃទី១១ សីហា  ខណៈជំនន់ទឹកភ្លៀងមានការហក់ឡើងខ្លាំងគួរសម តាមប្រឡាយនៅ «អូរស្លាបប៉ាង» ប៉ែកខាងលិចនៃអាងកំពីងពួយ ។ អ្នកឃើញហេតុការណ៍និយាយថា គេឃើញជនរងគ្រោះបានបង់សំណាញ់ត្រង់ចំណុចខាងលើសំណង់ ដែលទឹកកំពុងហូរខ្លាំង ។ ពេលនោះសំណាញ់ហាក់ទាក់អ្វីម្យ៉ាងអូសមិនរួច ទើបបុរសនោះចុះទៅមុជទឹកដោះសំណាញ់ តែពេលនោះគេមិន ឃើញគាត់ងើបចេញពីក្នុងទឹកទេ  បែរជាបាត់ខ្លួនរហូតតែម្ដង  ធ្វើអ្នកភូមិ និងអ្នកបង់សំណាញ់ដទៃទៀតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានផ្ដល់ព័ត៌មានទៅសមត្ថកិច្ចរួចទាំងក្រុមគ្រួសារគាត់ផង ។

អធិការស្រុកបាណន់  លោក ហេង បារាំង បានប្រាប់ថា ជនរងគ្រោះអាចត្រូវទឹកកួចចូលក្នុងសំណង់ទ្វារទឹក ដែលនៅក្បែរនោះ  ព្រោះទឹកកំពុងហូរខ្លាំង ។  លោកថា មន្ត្រីមូលដ្ឋាន  និងប្រជាពលរដ្ឋបានព្យាយាមស្វែងរកជនរងគ្រោះ តែពួកគេជួបការលំបាកក្នុងការចុះទឹករាវរកដោយសារតែទឹកជ្រៅ ហើយកម្លាំងទឹកហូរកួចខ្លាំង ។

បើគិតត្រឹមម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១១ សីហា  នេះ គេមិនទាន់រកជនរងគ្រោះឃើញនៅឡើយទេ  ដូច្នេះ គេមិនទាន់ដឹងថា  តើអ្នកបង់សំណាញ់ ដែលត្រូវទឹកកួចបាត់រាប់ម៉ោងទៅហើយនោះ ស្លាប់ឬរស់នោះទេ?

ប៉ុន្តែយ៉ាងណា ពេលនេះ មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋ ជាមួយនឹងក្រុមគ្រួសារផង  បាននិងកំពុងតាមរុករកជនរងគ្រោះតាមប្រឡាយទឹកនៅឡើយ ៕


ចែករំលែក៖