ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹង ស្ដីពីឥទ្ធិពលខ្យល់ព្យុះបោកបក់ខ្លាំង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ខណៈសម្ពាធទាបដែលកំពុងកើតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចនឹងវិវត្តទៅជាព្យុះទី១៧ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ រួមជាមួយនឹងព្យុះទី១៦ ឈ្មោះ ភីលូ (Peilou) T2616 ព្យុះទី១៥ ឈ្មោះ ចាន់ហម (Chan-hom) T2615 និងព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin)T2613 មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ប៉ុន្តែព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរនៃព្យុះទាំងនេះទេ។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នឹងអាចមាន ខ្យល់កន្ត្រាក់បោកបក់ខ្លាំងដែលក្នុងនោះ ៖
១. តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចនឹងមានខ្យល់កន្ត្រាក់បោកបក់ខ្លាំងក្នុងល្បឿន ១៥ម៉ែត្រ/វិនាទី។
២.តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចនឹងមានខ្យល់កន្ត្រាក់បោកបក់ខ្លាំងក្នុងល្បឿន ២០ម៉ែត្រ/វិនាទី។
៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចនឹងមានខ្យល់កន្ត្រាក់បោកបក់ ខ្លាំងក្នុងល្បឿន ១៨ម៉ែត្រ/វិនាទី។ រលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ២,០០ម៉ែត្រ។
យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខ្យល់ កន្ត្រាក់បោកបក់ខ្លាំងនេះ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹក។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច