ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្តផ្លូវការផែនការអភិវឌ្ឍន៍ទេសចរណ៍ នៅរាជធានីភ្នំពេញ២០២៦-២០៣០។ផែនការអភិវឌ្ឍន៍ទេសចរណ៍ធ្វើឡើង ដើម្បីសម្រេចបាននូវចក្ខុវិស័យ ឆ្នាំ២០៣០ រាជធានីភ្នំពេញប្រែក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្ម ជាតិប្រកបដោយគុណភាព សុវត្ថិភាព ភាពកក់ក្តៅ ស្អាត បៃតងនិងភាពទាក់ទាញកម្រិតអន្តរជាតិ។
ពិធីប្រកាសផ្សព្វផ្សាយការដាក់ឱ្យអនុវត្តផ្លូវការផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានីភ្នំពេញ ២០២៦-២០៣០ បានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះរាជធានីភ្នំពេញបានកែច្នៃតំបន់ទេសចរណ៍ថ្មីៗជាបន្តបន្ទាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាដើរលេងកម្សាន្តនៅរាជធានីភ្នំពេញ។ ជាក់ស្តែងថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតឱ្យមានតំបន់ទេសចរណ៍ថ្មីដែលមានភាពទាក់ទាញ ដល់ឆាកអន្តរជាតិ នោះគឺការបង្កើតឱ្យមានផ្លូវថ្មើរជើងចតុមុខ(Walk street)។
លោក ឃួង ស្រេង បានបន្តថា ទិសដៅបន្ត ច្រាំងទន្លេមុខព្រះបរមរាជវាំងនឹងត្រូវធ្វើការកែលម្អ ដូចនេះផ្លូវថ្មើរជើងចតុមុខ(Walk street) នឹងរឹតតែមានភាពទាក់ទាញបន្ថែមទៀត។ ជាមួយនេះ ការបង្កើតឱ្យមានសួនលំហែមួយនៅភាគខាងជើងឆៀងខាងលិចដែលមានផ្ទៃដី៧៥ហិកតា ដែលគិតមកដល់ពេលនេះ សួនលំហែថ្មីនេះយើងបានដាំដើមឈើសម្រេចបាន៨០%ហើយ។ រីឯសួនលំហែលើផ្ទៃដីជាង៣ហិកតានៅភាគខាងលិចរាជធានីភ្នំពេញក៏កំពុងរៀបចំជិតរួចរាល់ហើយ។ ជំហានបន្ទាប់ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសិក្សាផ្លូវអាទិភាពសម្រាប់រថយន្តក្រុងចូលមកកណ្តាលរាជធានីភ្នំពេញ ដោយជ្រើសរើសផ្លូវអាទិភាពចំនួន០១ខ្សែដើម្បីសាកល្បង។ យើងគិតថាគម្រោងទាំងអស់នេះ មិនត្រឹមតែកាត់បន្ថយបានការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ តែវាក៏ធ្វើឱ្យទាក់ទាញខ្លាំងដល់វិស័យទេសចរណ៍ផងដែរ។
លោក ឃួង ស្រេង បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវទុកដាក់វេចខ្ចប់សំរាម សំណល់រឹងឱ្យបានល្អ ដើម្បីឱ្យរាជធានីភ្នំពេញមានអនាម័យ បរិស្ថានល្អ។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា៖ រាជធានីភ្នំពេញតាមរយៈការខិតខំ ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ដែលមានលោក ឃួង ស្រេង អភិបាលរាជធានី ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី បានដឹកនាំនិងដាក់ចេញនូវវិធានការសំខាន់ៗដល់ផ្នែកពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួន ពិសេសការគាំទ្រដល់យុទ្ធសាស្ត្រ យុទ្ធនាការនានាដែលថ្នាក់ជាតិបានដាក់ចេញ ស្របនឹងការបង្កើតបាននូវផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត តួយ៉ាងដូចជាផ្លូវថ្មើរជើងចតុមុខ ជាផលិតផលទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ ស្របនឹងតម្រូវការជាក់ស្តែង និងបានផ្តល់ឱកាសអាជីវកម្ម រួមទាំងការកម្សាន្តដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញយ៉ាងច្រើនសន្ធឹកសន្ធាប់។ នៅឆ្នាំ២០៣០ រាជធានីភ្នំពេញនឹងប្រែក្លាយជាគោលដៅទេសចរណ៍វប្បធម៌និងធម្មជាតិប្រកបដោយគុណភាព និងភាពទាក់ទាញកម្រិតអន្តរជាតិ មានឧត្តមភាពប្រកួតប្រជែងខ្ពស់ជាងមុន និងមានភ្ញៀវទេសចរមកកម្សាន្តម្តងហើយម្តងទៀត ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារនិងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
លោក ហួត ហាក់ បានបន្តថា៖ ការពង្រឹងសុវត្ថិភាពនិងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងវិស័យទេសចរណ៍ វាជារឿងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ហើយការងារនេះរាជធានីភ្នំពេញអនុវត្តបានល្អណាស់។ រាជធានីភ្នំពេញជាច្រកទ្វារទេសចរណ៍មួយដ៏ធំ ពោលគឺដំបូងភ្ញៀវទេសចរត្រូវចូលមកច្រកទ្វាររាជធានីភ្នំពេញ មុនទៅដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍នៅតាមខេត្តផ្សេងៗទៀត។
លោក ហួត ហាក់ បានបន្តទៀតថា៖ ការបង្កើតឱ្យមានផ្លូវថ្មើរជើងចតុមុខ(Walk street) ពិតជាតំបន់ទេសចរណ៍ថ្មីដែលមានភាពទាក់ទាញ ល្បីល្បាញដល់ឆាកអន្តរជាតិ។ ភាពល្បីល្បាញរបស់ផ្លូវថ្មើរជើងចតុមុខ គឺដោយសារយើងមានទីតាំងល្អ ជាប់មាត់ទន្លេចតុមុខនៅខាងមុខព្រះបរមរាជវាំង ហើយអ្វីដែលសំខាន់ជាងគេនោះ គឺការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់បានល្អ៕

ដោយ៖ សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច