ខេត្តតាកែវ៖ អភិបាលខេត្តតាកែវលោក វ៉ី សំណាង នារសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញទទួលស្វាគមន៍ និងលើកទឹកចិត្តយ៉ាងកក់ក្តៅដល់ក្រុមអ្នកវិនិយោគទុនមកពីសាធារណរដ្ឋប្រជាមានិតចិន ឱ្យចូលមកបណ្តាក់ទុននៅក្នុងខេត្តតាកែវ ឱ្យបានកាន់តែច្រើនឡើង ជាពិសេសបង្កើតរោងចក្រថ្មីៗ ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត។
អភិបាលខេត្តរូបនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តតាកែវកំពុងទទួលបានអ្នកវិនិយោគជាច្រើនក្រុមហ៊ុន ដែលបានបង្កើតការងារយ៉ាងច្រើនកន្លែង ហើយក៏មានក្រុមហ៊ុនមួយចំនួនទៀតកំពុងដាក់សំណើចូលមកបណ្តាក់ទុន បន្ថែមផងដែរ។ លោកបានបន្តថា មូលហេតុដែលខេត្តតាកែវទទួលបានការវិនិយោគច្រើន ដោយសារខេត្តមានសក្តានុពលខ្ពស់លើវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ មានប្រជាពលរដ្ឋឧស្សាហ៍ព្យាយាម និងការយកចិត្តទុកដាក់សម្របសម្រួលពីអាជ្ញាធរខេត្ត។
ជាការឆ្លើយតប ក្រុមអ្នកវិនិយោគចិនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្កើតក្រុមហ៊ុន និងរោងចក្រក្នុងពេលឆាប់ៗនេះ។ ពួកគេក៏បានប្តេជ្ញាកៀរគរដៃគូសហការនៅប្រទេសចិនឱ្យមកទស្សនកិច្ចសិក្សាស្រាវជ្រាវលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដើម្បីពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងខេត្តតាកែវ។
គួរបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២៦ ខេត្តតាកែវទទួលបានគម្រោងវិនិយោគសរុបចំនួន ២៨គម្រោង ជាមួយទុនជិត ១៦៩លានដុល្លារអាមេរិក ដែលបានបង្កើតឱកាសការងារ ១២,៣៣៧កន្លែងជូនប្រជាពលរដ្ឋក្នុងស្រុក។
ការវិនិយោគទាំងនេះនឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច