ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកភ្នំព្រឹក បង្ក្រាបករណីលួចម៉ូតូ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់អនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ សាន សាវុទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ពីបទលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ បេន សុវណ្ណ ហៅ កាច ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ដកហូតសម្ភារ និងវត្ថុតាង៖

១. ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ លេខតួ និងលេខម៉ាស៊ីន ៩៤៣៦០៨០ ពាក់ផ្លាកលេខ (គ្មាន)

២. ទូរស័ព្ទដៃម៉ាក iPhone 6 ពណ៌ទឹកមាស ចំនួន ០១គ្រឿង (សម្ភារផ្ទាល់ខ្លួន) នាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ។

មូលហេតុដែលឈានដល់ការនាំ និងឃាត់ខ្លួនមកនេះ គឺនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ២២ និង៤០នាទី មានករណីអំពើលួច (ម៉ូតូ) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើ ហើយពេលដឹងថាបាត់ ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាល។

ផ្តើមចេញពីបញ្ហានេះ សមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញាបាន និងឈានដល់ការនាំខ្លួន រួមនឹងវត្ថុតាងម៉ូតូរបស់ជនរងគ្រោះផងដែរ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើប្រាកដមែន ដោយឃើញកូនសោជាប់នៅជាមួយម៉ូតូស្រាប់។

ពេលនេះសមត្ថកិច្ចរៀបចំបញ្ជូនជនសង្ស័យមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ រីឯសម្ភារត្រូវប្រគល់ជូនជនរងគ្រោះវិញ ៕


ចែករំលែក៖