ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាពជាដើមទុនដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សន្តិភាពគឺជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍន៍និងភាពរីកចម្រើន ពោលគឺសន្តិភាពចាំបាច់ត្រូវទទួលបានការការពារនៅលើឆាកអន្តរជាតិ និងច្បាប់ ហើយត្រូវធានាឱ្យមានចីរភាពតាមរយៈ ស្ថាប័នដែលមានភាពធន់រឹងមាំ ជាងនេះទៅទៀត សន្តិភាពក៏ចាំបាច់ត្រូវប្រែក្លាយជាវិបុលភាពរួម និងការរីកចម្រើនជាក់ស្តែង នៃជីវភាពរស់នៅរបស់ប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សម្រាប់កម្ពុជាទស្សនៈនេះកើតចេញពីប្រវត្តិសាស្រ្តរបស់យើងផ្ទាល់ដែលយើងបានឆ្លងកាត់បទពិសោធន៍ពីសង្រ្គាមទៅសន្តិភាពពីសន្តិភាពទៅការអភិវឌ្ឍ ហើយជាពិសេសថ្មីៗនេះ ពីការរំលឹកដ៏ឈឺចាប់មួយថា ទោះបីជាសន្តិភាពត្រូវបានរក្សាអោយមានស្ថិរភាពយូរអង្វែងយ៉ាងណាក៏ដោយ យើងមិនអាចមើលស្រាលតម្លៃនៃសន្តិភាពបានឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រវត្តិដ៏ឈឺចាប់ និងការរស់រានមានជីវិតឡើងវិញដ៏គួរឱ្យស្ងប់ស្ងែងរបស់ប្រជាជនកម្ពុជាបានផ្តល់នូវសច្ចៈភាពជាមូលដ្ឋាន និងជាសកលមួយពីព្រោះសន្តិភាពជាដើមទុនដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ សន្តិភាពគឺជាមូលដ្ឋានគ្រឹះដែលមិនអាចខ្វះសម្រាប់ការកសាងសេចក្តីថ្លៃថ្នូរបស់មនុស្ស ការលើកកម្ពស់យុត្តិធម៌សង្គម ស្ថិរភាពស្ថាប័ន និងការរីកចម្រើនប្រកបដោយចីរភាព៕

ដោយ ៖ សិលា


ចែករំលែក៖