ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ចែករំលែកបទពិសោធន៍អំពីសុខាភិបាល បន្ទាប់ពីទទួលបានពានរង្វាន់ប្រចាំឆ្នាំ២០២៦ ពីអង្គការសុខភាពពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចែករំលែកបទពិសោធន៍អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីចូលរួមបង្ការជំងឺមិនឆ្លង បន្ទាប់ពីទទួលបានពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក។ លោក ឃួង ស្រេង បានផ្តល់បទពិសោធន៍ ខណៈលោកបានអញ្ជើញធ្វើជាវាគ្មិនជាមួយអភិបាលក្រុងដុងហ្គូ សាធារណរដ្ឋកូរ៉េ និងអភិបាលក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សាស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋានទៅកាន់ឥទ្ធិពលរួមអានុភាពនៃបណ្តាញទំនាក់ទំនង» កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានេះ លោកអភិបាលត្រូវបានផ្តល់ឱកាស ដើម្បីចែករំលែកបទពិសោធន៍មួយចំនួនក្នុងនាមជាថ្នាក់ដឹកនាំនៅមូលដ្ឋាន និងជាសមាជិកបណ្តាញភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង ដូចជា៖ ការជំរុញសកម្មភាពលើកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវសុខុមាលភាពប្រជាពលរដ្ឋ ដែលរដ្ឋបាលរាជធានីភ្នំពេញផ្តោតការយកចិត្តទុកដាក់លើវិស័យស្នូលមួយចំនួន ទន្ទឹមនឹងការលើកកម្ពស់វិស័យសុខាភិបាល ដោយក្នុងនោះរួមមាន៖ ការអប់រំ ការរៀបចំដែនដី នគរូបនីយកម្ម ការថែរក្សាបរិស្ថានអនាម័យ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ព្រមទាំងការពង្រឹងយន្តការតាមដានជីវភាពប្រជាពលរដ្ឋ ចាប់តាំងពីថ្នាក់ខណ្ឌ សង្កាត់ រហូតដល់ថ្នាក់ភូមិ ដើម្បីធានាបាននូវការផ្តល់នូវតម្រូវការជូនប្រជាពលរដ្ឋដែលជួបបញ្ហាលំបាកបានទាន់ពេលវេលា។ ជាមួយគ្នានេះដែរ លោកអភិបាលក៏បានលើកឡើងពីសារៈសំខាន់នៃការចូលរួមជាសមាជិករបស់បណ្តាញភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍរាជធានីភ្នំពេញ ប្រកបដោយភាពធន់ មានសុខុមាលភាព និងភាពសុខុដុមរមនា តាមរយៈការរៀនសូត្រពីបណ្តាទីក្រុងជឿនលឿន និងវិធីសាស្ត្រនានា ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលកន្លងមក ជាពិសេសគឺយន្តការក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីក្លាយជាធាតុចូលក្នុងការអនុវត្ត និងពង្រឹងគុណភាពរស់នៅជាក់ស្តែងផងដែរ។ លើសពីនេះ តាមរយៈការចូលរួមជាសមាជិករបស់បណ្តាញ បាននាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកំណត់បញ្ហាប្រឈម ការស្វែងរកដំណោះស្រាយ និងការដាក់ចេញនូវវិធានការអនុវត្តដើម្បីឆ្លើយតបនឹងបញ្ហាទាំងនោះ។

លោកស្រីបានបន្តថា ក្នុងនាមជាសមាជិកកម្ពុជាដំបូងគេ នៃសម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង (AFHC) និងបណ្តាញភាពជាដៃគូដើម្បីសុខុមាលភាពទីក្រុង (PHC) លោក ឃួង ស្រេង ក៏បានសង្កត់ធ្ងន់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ តែងតែបានប្រកាន់ខ្ជាប់នូវស្មារតីចែករំលែកបទពិសោធន៍ និងលទ្ធផលការងារ ដែលបានអនុវត្តនាពេលកន្លងមកនៅតាមវេទិកាសាធារណៈ ដូចជា ក្នុងកិច្ចប្រជុំថ្នាក់ជាតិកម្រិតអភិបាលរាជធានី-ខេត្ត និងការប្រជុំផ្លាស់ប្តូរបទពិសោធន៍លើការងារគ្រប់គ្រង និងការដោះស្រាយបញ្ហាប្រឈម ដែលកើតមាននៅថ្នាក់មូលដ្ឋាន ជូនដល់បណ្តាថ្នាក់ដឹកនាំខេត្តនានា ដើម្បីរួមគ្នាជំរុញ និងលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចង្អុលបង្ហាញជាប់ជាប្រចាំពីសំណាក់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

ដោយ៖សំរិត

 


ចែករំលែក៖