ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះពាក្យសម្ដីរឿងទាក់ទងប្រពន្ធមិត្តភក្ដិឈានដល់ការកាប់ប្រហារ បណ្ដាលឱ្យយុវជន ២នាក់ រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ខណៈបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន ក្រោយពីរូបគេបានប្រើកាំបិតកាប់ទៅលើជនរងគ្រោះចំនួន ២នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ចំក្បាល ដោយសារជម្លោះរឿងទាក់ទងប្រពន្ធមិត្តភក្ដិ។ អំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង ១៨ និង ៥៥នាទីយប់ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ឱ្យដឹងថា ក្នុងករណីនេះមានជនរងគ្រោះចំនួន ២នាក់ រួមមាន៖ ទី១ ឈ្មោះ សៀត ពិសិទ្ធ (ប្រុស, ១៧ឆ្នាំ) មុខរបរកម្មករ និងទី២ ឈ្មោះ ផូ ភួង (ប្រុស, ២៣ឆ្នាំ) មុខរបរកម្មករ ដោយអ្នកទាំងពីរមានទីលំនៅបន្ទប់ជួលក្នុងភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកអធិការបានបន្តថា ចំណែកជនសង្ស័យមានចំនួន ២នាក់ រួមមាន៖ ទី១ ឈ្មោះ នឹម ធារ៉ា (ប្រុស, ២២ឆ្នាំ) មុខរបរកម្មកររោងចក្រ មានទីលំនៅបន្ទប់ជួលក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ត្រូវបានឃាត់ខ្លួន និងមានសារធាតុញៀនក្នុងទឹកនោម ហើយចំណែកទី២ ឈ្មោះ ឃីម (ប្រុស, ២២ឆ្នាំ) មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា កំពុងរត់គេចខ្លួន។

លោកអធិការបានឱ្យដឹងទៀតថា មុនពេលកើតហេតុនៅវេលាម៉ោង ១១ និង៣០នាទីព្រឹក ជនសង្ស័យ និងបក្ខពួកកំពុងតែសម្រាកនៅក្នុងបន្ទប់ជួលរបស់ខ្លួន ខណៈនោះក្រុមជនរងគ្រោះក៏បានទៅដល់ រួចនិយាយសួរនាំទៅជនសង្ស័យថា «ហេតុអីក៏ទាក់ទងជាមួយប្រពន្ធមិត្តភក្ដិរបស់អញ?»។ ពេលនោះ ភាគីទាំងសងខាងក៏បានទាស់ពាក្យសម្ដីជាមួយគ្នាមួយសន្ទុះ រួចហើយក៏បំបែកគ្នាទៅបន្ទប់រៀងខ្លួនវិញ។

លុះដល់វេលាកើតហេតុ ក្រុមជនរងគ្រោះបានទៅដល់មុខបន្ទប់ជួលរបស់ជនសង្ស័យម្ដងទៀត ភ្លាមនោះភាគីទាំងសងខាងក៏បានឈ្លោះប្រកែកទាស់ពាក្យសម្ដីគ្នាម្ដងទៀត ហើយជនសង្ស័យបានទាញកាំបិតកាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់ចំក្បាលតែម្ដង។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ រួចក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន។

ប្រភពដដែលបញ្ជាក់ថា ក្រោយទទួលបានសេចក្ដីរាយការណ៍ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចានបានចុះដល់ចំណុចកើតហេតុ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ នឹម ធារ៉ា យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ចំណែកជនសង្ស័យឈ្មោះ ឃីម បានរត់គេចខ្លួនដោយយកកាំបិតទៅជាមួយបាត់។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យដែលឃាត់ខ្លួនបានឆ្លើយសារភាពថា ខ្លួន និងបក្ខពួកពិតជាបានកាប់ទៅលើជនរងគ្រោះប្រាកដមែន ហើយរូបគេបានបញ្ជាក់បន្ថែមថា ខ្លួនចេះប្រើប្រាស់គ្រឿងញៀនរយៈពេល ៣ឆ្នាំមកហើយ។

បច្ចុប្បន្ន កម្លាំងផ្នែកជំនាញនគរបាលស្រុកអង្គស្នួលកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕


ចែករំលែក៖