ព័ត៌មានទាន់ហេតុការណ៍៖

លោក លី ធុជ៖ អាជ្ញាធរមូលដ្ឋានត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «ប្រជាជនជាមជ្ឈមណ្ឌល» និងកសាងរដ្ឋបាលសកម្ម

ចែករំលែក៖

ភ្នំពេញ៖ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «ប្រជាជនជាមជ្ឈមណ្ឌល» និងកសាងរដ្ឋបាលសកម្ម។

លោក ទេសរដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ ខណៈលោកបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើន កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ លោក លី ធុជ បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ ដូចខាងក្រោម៖

ប្រកាន់ខ្ជាប់គោលការណ៍ «ប្រជាជនជាមជ្ឈមណ្ឌល»៖ អាជ្ញាធរមូលដ្ឋានត្រូវខិតខំប្រែក្លាយខ្លួនឱ្យទៅជារដ្ឋបាលសកម្ម ដោយចុះជួបផ្ទាល់ ស្តាប់សំណូមពរ និងដោះស្រាយបញ្ហាតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ផ្សព្វផ្សាយសមិទ្ធផលសង្គម៖ ជំរុញឱ្យអាជ្ញាធរស្រុក និងមូលដ្ឋាន បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាល និងការរីកចម្រើនក្នុងមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបច្បាស់ពីវឌ្ឍនភាពជាក់ស្តែង។

ត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតឆ្នាំ២០២៧៖ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ត្រូវបន្តផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋ ព្រមទាំងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន សន្តិវិធី និងមានទំនុកចិត្ត។

លើកកម្ពស់គុណភាពជីវភាព និងសេវាសាធារណៈ៖ បន្តផ្តោតលើការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័ស និងការរក្សាសុវត្ថិភាពសង្គម ដោយប្រកាន់ខ្ជាប់នូវស្មារតីបម្រើប្រជាជនដោយស្មោះត្រង់ និងការទទួលខុសត្រូវ។

លោក លី ធុជ ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងស្មារតីសហការយ៉ាងជិតស្និទ្ធរបស់ក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ច និងដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបង្កើនការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារបន្ថែមទៀត៕

ដោយ៖ សំរិត


ចែករំលែក៖