ព័ត៌មានទាន់ហេតុការណ៍៖

រឿងកាប់ដើមត្នោតវត្តអាយុជាង ១០០ឆ្នាំ នៅខេត្តកំពត ត្រូវអ្នកតាកាច់ នាំគ្នាបែរបន់សែនព្រេនទើបបានធូរស្រាល

ចែករំលែក៖

ខេត្តកំពត៖ អ្នកកាប់ដើមត្នោតទាំង ០៨នាក់ ដែលគេស្គាល់ថាជាបុគ្គលិកក្រុមហ៊ុនឯកជនអគ្គិសនីទូកមាស បានកាប់ដើមត្នោតចាស់ៗដាំអមសងខាងផ្លូវចូលវត្តអង្គជុំព្រៃទប់ ដែលមានអាយុកាលជាង ១០០ឆ្នាំ កាលពីថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៦ កន្លងមកនោះ ឥឡូវនេះមានពាក្យចរចាមអារ៉ាមអំពីអ្នកតាកាច់។

ទោះបីបុគ្គលិកទាំង ០៨នាក់ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដោយស្ថិតក្រោមការឃ្លាំមើលរបស់តុលាការក៏ដោយ ប៉ុន្តែអ្វីដែលមានការភ្ញាក់ផ្អើលនោះ គឺឈ្មោះ ខៀវ សុណា អាយុ ៤៦ឆ្នាំ ជាបុគ្គលិកអគ្គិសនីទូកមាស មានស្រុកកំណើតនៅភូមិសំព័រ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ស្រាប់តែឈឺធ្ងន់ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យមួយនៅប្រទេសវៀតណាម។

តែដោយអ្នកជំងឺមានអាការប្លែកៗ ទើបមានការទស្សន៍ទាយមើលឃើញថា អ្នកឈឺរូបនោះត្រូវបានអ្នកតាក្រហមកធ្វើឱ្យឈឺរឿងកាប់ដើមត្នោតវត្តអង្គជុំព្រៃទប់។ ទើបនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា នេះ ក្រុមសាច់ញាតិរបស់អ្នកឈឺដោយសារអ្នកតាវត្តធ្វើ បានយកបាយនំចំណីមកសែនថ្វាយបែរបន់អង្វរអ្នកតា កុំធ្វើឱ្យអ្នកកាប់ដើមត្នោតឈឺអី សុំឱ្យបានជាសះស្បើយផង។

លោក លាវ សារឹម ត្រូវជាម្ដាយមីងអ្នកឈឺ បាននិយាយថា ឈ្មោះ ខៀវ សុណា ធ្វើការខាងអគ្គិសនីទូកមាស តែគ្មានម្ដាយឪពុកទេ ហើយរឿងកាប់ដើមត្នោតនោះ គាត់ធ្វើតាមគេបញ្ជាដែរទេ តែអ្វីដែលយកនំចំណីមកសែនថ្ងៃនេះ គឺអ្នកឈឺត្រូវបានបែរបន់បានធូរស្រាលបន្តិចហើយ ក៏នាំគ្នាជឿ ទើបនាំគ្នាមកសែន និងអង្វរអ្នកតាទុកជីវិតឱ្យក្មួយប្រុសម្ដងទៅ ព្រោះគ្នាគ្មានម្ដាយឪពុកទេ ហើយធ្វើតាមគេបញ្ជាឡើយ៕


ចែករំលែក៖