ខេត្តសៀមរាប៖ សំណុំរឿងប្លន់ និងលួចដ៏ស្មុគស្មាញមួយ ដែលផ្តើមចេញពីជនសង្ស័យខ្ចីម៉ូតូគេជិះទៅធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូមួយគ្រឿងទៀត តែបែរជាប៉ះចំមុខសញ្ញាចោរដូចគ្នាដេញវាយបក និងជិះម៉ូតូនោះរត់គេចខ្លួនបាត់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បំបែកបានជោគជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យទាំងសងខាងចំនួន ០៣នាក់ ព្រមទាំងដកហូតម៉ូតូបាន ០២គ្រឿង ប្រគល់ជូនម្ចាស់ដើមវិញ។
ប្រតិបត្តិការស្រាវជ្រាវនេះ ធ្វើឡើងស្របតាមការណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានដឹកនាំកម្លាំងជំនាញចុះបង្ក្រាបភ្លាមៗក្រោយទទួលបានពាក្យបណ្តឹង។
តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ០៣:០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅលើផ្លូវខាងត្បូងកន្លែងលក់សំបុត្រទេសចរណ៍ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានជនសង្ស័យ ០២នាក់ ឈ្មោះ ឈុន សែនសិសិទ្ធិ និងឈ្មោះ វណ្ណ វិសាល បានខ្ចីម៉ូតូហុងដាស្គុបពី (Honda Scoopy) ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AV-9022 ពីជនរងគ្រោះ រួចជិះទៅធ្វើសកម្មភាពធាក់ម៉ូតូហុងដាឌ្រីម (Honda Dream) មួយគ្រឿងទៀតក្នុងបំណងផ្តួលប្លន់យកម៉ូតូ។
ប៉ុន្តែហេតុការណ៍មិនដូចការគិតឡើយ ដោយអ្នកជិះម៉ូតូហុងដាឌ្រីមនោះឈ្មោះ ណាត នាថ ហៅ ចយ (ជាមុខសញ្ញាលួចម៉ូតូស្រាប់) មិនព្រមចុះចាញ់ទេ ហើយបានដេញវាយបកទៅលើជនសង្ស័យទាំងពីរនាក់វិញ រួចឡើងជិះម៉ូតូហុងដាស្គុបពីនោះគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូហុងដាឌ្រីមរបស់ខ្លួននៅកន្លែងកើតហេតុ។ ភ្លាមនោះ ខាងភាគីបង្កធាក់គេ ក៏បានហៅបក្ខពួកឱ្យមកជិះម៉ូតូហុងដាឌ្រីមនោះគេចខ្លួនដែរ រួចបានទៅភូតកុហកប្រាប់ម្ចាស់ម៉ូតូស្គុបពីដើមថា «ត្រូវគេប្លន់យកម៉ូតូបាត់ហើយ»។
ក្រោយបើកការស៊ើបអង្កេតល្អិតល្អន់ កម្លាំងនគរបាលក្រុងសៀមរាប បានឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ ពីបទលួច និងលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា ព្រមទាំងដកហូតម៉ូតូទាំង ០២គ្រឿង ប្រគល់ជូនម្ចាស់ដើមវិញ។ ជាមួយគ្នានេះ លទ្ធផលធ្វើតេស្តទឹកនោមបានបង្ហាញថា ជនសង្ស័យឈ្មោះ ណាត នាថ ហៅ ចយ មានផ្ទុកសារធាតុញៀនក្នុងខ្លួនផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំងបី ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច