ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាល រាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរណ៍បណ្តោះ អាសន្ន ដើម្បីប្រារព្ធព្រឹត្តិការណ៍ទិវារត់ប្រណាំងអបអរសាទរ ទិវាមហារីកសុដន់ស្ត្រី

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាល រាជធានីភ្នំពេញ បានឱ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងអបអរសាទរ“ទិវាមហារីកសុដន់ស្ត្រី-នៅសួនច្បារមុខវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៥:០០នាទី។

ដើម្បីឱ្យព្រឹត្តិការណ៍ទិវារត់ប្រណាំងខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមាន សមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នដែលធ្វើដំណើរតាម តម្រាយផ្លូវរត់ប្រណាំងចាប់ពីសួនច្បារមុខវត្តបទុមវតី តាមមហាវិថីសម្តេចសុធារស បត់ឆ្វេងតាមផ្លូវលេខ២៤០ បត់ស្តាំតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅរង្វង់មូលវត្តភ្នំ បន្តតាមផ្លូវលេខ៤៧ ឆ្ពោះទៅរង្វង់មូលគួចកាណុង បត់ស្តាំតាមផ្លូវជាតិលេខ៥ បត់ស្តាំតាមតិរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត បន្តមកវិថីរដ្ឋសភា រួចបត់ស្តាំតាមស្ថានទូតរុស្ស៊ី បត់ស្តាំមកមហាវិថីសម្តេច សុធារស រហូតដល់ទីផ្តាច់ព្រ័ត្រ នៅសួនច្បារមុខវត្តបទុមវតីវិញ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវរត់ប្រណាំង ខាងលើមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរដោយអនុគ្រោះ ចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី។ ក្រោយបញ្ចប់ព្រឹត្តិការណ៍ទិវារត់ប្រណាំងខាងលើ អាជ្ញាធរមានសមត្ថកិច្ច នឹងបើកឱ្យចរាចរណ៍ជាធម្មតាវិញ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលខណ្ឌចំការមន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូ លាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ៖ សំរិត


ចែករំលែក៖