ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាបើកទំព័រថ្មីនៃការទូតវប្បធម៌នៅសាធារណរដ្ឋប៊ុលហ្គារី និងតំបន់បាល់កង់ តាមរយៈការសម្ពោធ «ជ្រុងកម្ពុជា» នៅបណ្ណាល័យជាតិប៊ុលហ្គារី

ចែករំលែក៖

សូហ្វៀ៖ ព្រះរាជាណាចក្រកម្ពុជាបានបោះជំហានថ្មីមួយទៀតក្នុងការលើកកម្ពស់ការទូតវប្បធម៌ និងការផ្សព្វផ្សាយអត្តសញ្ញាណជាតិខ្មែរ តាមរយៈការសម្ពោធជាផ្លូវការនូវ «ជ្រុងកម្ពុជា – សៀវភៅ សិល្បៈ និងបេតិកភណ្ឌវប្បធម៌» នៅបណ្ណាល័យជាតិ «សន្តស៊ីរីល និងសន្តមេថូឌី» ក្នុងទីក្រុងសូហ្វៀ សាធារណរដ្ឋប៊ុលហ្គារី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។

ពិធីសម្ពោធនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី និងបណ្ណាល័យជាតិប៊ុលហ្គារី ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គទូតនានា ថ្នាក់ដឹកនាំបណ្ណាល័យ ស្ថាប័នអប់រំ និងភ្ញៀវកិត្តិយសជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារីបានមានប្រសាសន៍ថា «ជ្រុងកម្ពុជា» នេះ មិនត្រឹមតែជាទីតាំងដាក់តាំងបង្ហាញសៀវភៅ និងស្នាដៃសិល្បៈខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់ទំនាក់ទំនងវប្បធម៌ និងចំណេះដឹងអំពីប្រវត្តិសាស្ត្រ អរិយធម៌ អក្សរសាស្ត្រ និងបេតិកភណ្ឌខ្មែរ ទៅកាន់សាធារណជនប៊ុលហ្គារី ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវនៅក្នុងតំបន់បាល់កង់ទាំងមូល។

ឯកឧត្តមបន្តថា ស្ថានឯកអគ្គរាជទូតកម្ពុជាបាននាំយកសៀវភៅ និងស្នាដៃសិល្បៈ-សិប្បកម្មសរុបចំនួន ២៤ធាតុ មកតម្កល់ និងដាក់តាំងបង្ហាញ។ ក្នុងនោះរួមមានសៀវភៅចំនួន ១៩ធាតុ ដែលគ្របដណ្តប់លើប្រធានបទប្រវត្តិសាស្ត្រខ្មែរ អរិយធម៌អង្គរ ព្រះរាជវង្ស បេតិកភណ្ឌ ទេសចរណ៍ និងវប្បធម៌ ព្រមទាំងស្នាដៃសិល្បៈ និងវត្ថុសិប្បកម្មចំនួន ៥មុខ ដូចជា គំនូរខ្នាតតូចបែបខ្មែរ ចម្លាក់ស្បែកប្រពៃណី ថូស្ពាន់ក្បាច់ខ្មែរ ចានស្ពាន់លម្អរូបប្រាសាទអង្គរវត្ត និងផ្ទាំងចម្លាក់ស្ពាន់។

លោកស្រីបណ្ឌិត កាលីណា អ៊ីវ៉ាណូវ៉ា (Dr. Kalina Ivanova) នាយិកាបណ្ណាល័យជាតិប៊ុលហ្គារី បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ ដោយបានលើកឡើងថា ទោះបីជាបច្ចេកវិទ្យាឌីជីថលមានការរីកចម្រើនយ៉ាងណាក៏ដោយ សៀវភៅនៅតែជាស្ពានដ៏សំខាន់ក្នុងការភ្ជាប់អរិយធម៌ និងប្រជាជាតិ។

លោកស្រីបានគូសបញ្ជាក់ពីតម្លៃនៃបេតិកភណ្ឌវប្បធម៌កម្ពុជាដែលទទួលស្គាល់ដោយ UNESCO និងបានថ្លែងអំណរគុណចំពោះការបង្កើត «ជ្រុងកម្ពុជា» ព្រមទាំងសន្យានឹងធ្វើបច្ចុប្បន្នភាពសៀវភៅនៅទីនេះជារៀងរាល់ឆ្នាំ។

ក្រៅពីការសម្ពោធ «ជ្រុងកម្ពុជា» នៅបណ្ណាល័យជាតិ ឯកឧត្តមឯកអគ្គរាជទូត ក៏បានប្រគល់សៀវភៅស្តីពីប្រវត្តិសាស្ត្រ និងអរិយធម៌ខ្មែរ ជូនដល់មហាវិទ្យាល័យប្រវត្តិសាស្ត្រ និងមហាវិទ្យាល័យទស្សនវិជ្ជានៃសាកលវិទ្យាល័យសូហ្វៀ ផងដែរ។

សូមបញ្ជក់ថា ការបង្កើត «ជ្រុងកម្ពុជា» ត្រូវបានចាត់ទុកជាសមិទ្ធផលប្រវត្តិសាស្ត្រមួយនៃការទូតវប្បធម៌កម្ពុជា ក្រោមសារប្រកបដោយអត្ថន័យ៖ «ចំណែកតូចមួយនៃកម្ពុជា ចំណងមិត្តភាពដ៏ស្ថិតស្ថេរ» ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ពង្រឹងអំណាចទន់ និងជំរុញការចាប់អារម្មណ៍លើវិស័យទេសចរណ៍ និងការសិក្សាស្រាវជ្រាវអំពីកម្ពុជានៅក្នុងតំបន់បាល់កង់សម្រាប់យុវជនជំនាន់ក្រោយ៕

ប្រភព ៖ (CCFR)


ចែករំលែក៖