សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលបានផ្អាកការអនុវត្តការដាក់ទណ្ឌកម្ម និងការដំឡើងពន្ធគយដែលមានគោលដៅលើចំណូលពីវិស័យថាមពលរបស់រុស្ស៉ី តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងទណ្ឌកម្មទាំងនោះត្រូវចូលជាធរមាននៅក្រោមសេចក្ដីព្រាងច្បាប់មួយដែលលោកផ្ទាល់បានចុះហត្ថលេខាឱ្យក្លាយទៅជាច្បាប់មួយកាលពីខែកញ្ញា។
Lindsey Graham Act ជាច្បាប់មួយដែលយកឈ្មោះតាមអតីតសមាជិកព្រឹទ្ធសភាអាមេរិក លោក Lindsey Graham អនុញ្ញាតឱ្យលោក ត្រាំ អាចដំឡើងពន្ធគយដល់ទៅ ១០០ភាគរយលើបណ្ដាប្រទេសដែលទិញប្រេង និងឧស្ម័នពីរុស្ស៉ី។ «ដូចដែលបានពិព័ណ៌នាបន្ថែមនៅក្នុងផ្នែក៤ នៃបទបញ្ជានេះ ខ្ញុំសូមលើកលែងការអនុវត្តការដាក់ទណ្ឌកម្ម ការរឹតត្បិត និងពន្ធគយដែលមានចែងនៅក្រោមច្បាប់ Graham Act»។ នេះជាការគូសបញ្ជាក់ពីបទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ។ ក្នុងបទបញ្ជាប្រតិបត្តិនេះ លោក ត្រាំ ក៏បានឱ្យដឹងដែរថារូបលោក បានផ្ញើជូនសភាអាមេរិកផងដែរពីការបញ្ជាក់ជាផ្លូវការថាការចេញបទបញ្ជាប្រតិបត្តិលើកលែងការដាក់ទណ្ឌកម្មក្នុងពេលនេះ គឺធ្វើឡើងនៅក្នុងផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក។
ច្បាប់ Graham Act មានគោលដៅលើវិស័យថាមពល និងការពារជាតិរបស់រុស្ស៉ី ព្រមទាំងប្រធានាធិបតីរុស្ស៉ី លោក ពូទីន មន្ត្រីជាន់ខ្ពស់រុស្ស៉ីដទៃទៀត និងកងនាវាខ្មោចដែលមូស្គូប្រើប្រាស់ដើម្បីដឹកប្រេងគេចចេញពីទណ្ឌកម្មលោកខាងលិច។ ការកែប្រែចិត្តរបស់លោក ត្រាំ ជុំវិញការដាក់ទណ្ឌកម្មលើរុស្ស៉ីនេះកើតមានឡើងបន្ទាប់ពីលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសមួយដើម្បីទិញប្រេងម៉ាស៊ូតពីលោក ពូទីន។ នៅក្រោមកិច្ចព្រមព្រៀងដែលទទួលរងការរិះគន់យ៉ាងខ្លាំងពីអ៊ុយក្រែន និងសម្ព័ន្ធមិត្តក្នុងតំបន់អឺរ៉ុប រុស្ស៉ីអាចនាំចេញប្រេងម៉ាស៊ូតទៅកាន់ទីផ្សារពិភពលោកជាថ្នូរទៅនឹងការបន្ធូរបន្ថយទណ្ឌកម្មពីសហរដ្ឋអាមេរិក។
ក្រុមអ្នកជំនាញបាននិយាយថាលោក ត្រាំ ចង់ប្រើប្រាស់កិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយលោក ពូទីន ដើម្បីបញ្ចុះតម្លៃប្រេងឥន្ធនៈដែលកំពុងឡើងថ្លៃ ដោយសារសង្រ្គាមជាមួយអ៉ីរ៉ង់ នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិកចូលមកដល់នៅខែវិច្ឆិកាខាងមុខ។ កិច្ចព្រមព្រៀងនេះដែរបានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោន ស្គាល់ភាពតានតឹងជាថ្មី ដោយលោក ហ្សេលេនស្គី ចាត់ទុកវាជាការសម្រេចចិត្តដ៏ទន់ខ្សោយមួយ ហើយថាអ៊ុយក្រែននឹងចាប់ផ្ដើមការវាយប្រហារឡើងវិញលើរោងចក្រប្រេងរុស្ស៉ី៕

ដោយ៖ ធីរីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច