អន្តរជាតិ៖ លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកលែងទណ្ឌកម្មជាច្រើនលើរុស្ស៊ី រយៈពេល ២ថ្ងៃប៉ុណ្ណោះ មុនពេលវាគ្រោងនឹងចូលជាធរមាន ស្របពេលដែលជម្លោះជាមួយសមភាគីអ៊ុយក្រែនរបស់គាត់ គឺលោក លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky )ប្រធានាធិបតីអ៊ុយក្រែន កាន់តែតានតឹងខ្លាំង ។
ទណ្ឌកម្មនេះ ត្រូវបានអនុម័តដោយសភាសហរដ្ឋអាមេរិក និងបានចុះហត្ថលេខាចូលជាច្បាប់ ដោយលោក Trump កាលពីខែកញ្ញា ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ បានចេញបញ្ជាប្រតិបត្តិកាលពីយប់ថ្ងៃសុក្រ ដោយរូបលោកនិយាយថា ការផ្អាកទណ្ឌកម្មមួយចំនួន គឺជាផលប្រយោជន៍ជាតិ ជាហេតុបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីក្រុមតំណាងរាស្រ្តសហរដ្ឋអាមរិក ។
ខណៈពេលនោះដែរ លោក ហ្សេលេនស្គី និយាយថា វាគឺជារឿងគួរឲ្យសោកស្តាយខ្លាំងណាស់ នៅពេលដែលសហរដ្ឋអាមេរិកសម្រេចចិត្តមើលរំលងទណ្ឌកម្មទាំងស្រុងនេះ ។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និយាយកាលពីថ្ងៃសៅរ៍ថា ការផ្អាកទណ្ឌកម្មនេះ នឹងមានរយៈពេល ៦០ថ្ងៃ ដោយមានគោលបំណងវិភាគលើផលប៉ះពាល់ដល់សេដ្ឋកិច្ចសកល ។
សូមបញ្ជាក់ថា គោលបំណងនៃច្បាប់ទណ្ឌកម្មថ្មីនេះ គឺដើម្បីកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ សម្រាប់ធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូនៅប្រទេសអ៊ុយក្រែន តាមរយៈការដាក់ទណ្ឌកម្មលើមន្ត្រីរុស្ស៊ី ធនាគារ និងកងនាវាដឹកប្រេងស្រមោលដែលដឹកជញ្ជូនធនធានថាមពលរបស់រុស្ស៊ី ។
ច្បាប់នេះដែរ តម្រូវឲ្យលោក ដូណាល់ ត្រាំ ដំឡើងពន្ធរហូតដល់ ១០០ ភាគរយ លើប្រទេសចំនួន ៥ ដែលនាំចូលប្រេង ឬឧស្ម័នពីប្រទេសរុស្ស៊ីច្រើនបំផុត ប៉ុន្តែមានការលើកលែងសម្រាប់ប្រទេសណាដែលនាំចូលឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ីក្នុងកម្រិតតិចជាង ១៥ ភាគរយ ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច