ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបអំពីដំណើរការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងព្រំដែនសមុទ្រនិងព្រំដែនគោក

ចែករំលែក៖

ភ្នំពេញ ៖ សម្រាប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបអំពីដំណើរការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងព្រំដែនសមុទ្រនិងព្រំដែនគោក៖

ទី១. ដំណោះស្រាយព្រំដែនសមុទ្រ៖

កិច្ចប្រជុំលើកទី២នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយប្រទេសកម្ពុជានិងថៃ បានបិទបញ្ចប់ហើយបន្ទាប់ពីបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ដែលមានគោលបំណងជំរុញទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក និងសម្រួលដល់ដំណោះស្រាយដោយសមស្រប និងដោយមិត្តភាព ស្របតាមច្បាប់អន្តរជាតិ។

គណៈកម្មការផ្សះផ្សាបានលើកទឹកចិត្តភាគីទាំងពីរឱ្យអនុវត្តវិធានការទាំងនេះឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដែលមានសារៈសំខាន់សម្រាប់ការជំរុញដំណើរការផ្សះផ្សា។ ក្នុងចំណោមវិធានការដែលបានឯកភាពគ្នា ភាគីទាំងពីរទទួលស្គាល់ថា ពួកគេមានសិទ្ធិក្នុងការធ្វើសេចក្តីថ្លែងការណ៍ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន ឬដើម្បីកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់។ លើសពីនេះ គណៈកម្មការផ្សះផ្សាបានកត់សម្គាល់ថា កិច្ចព្រមព្រៀងនិងវិធានការនានាដែលកម្ពុជានិងថៃបានឯកភាពពីមុន មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ។

គណៈកម្មការបានលើកទឹកចិត្តភាគីទាំងពីរឱ្យអនុវត្តកិច្ចព្រមព្រៀងនិងវិធានការដែលមានស្រាប់ដើម្បីជួយបង្កើតបរិយាកាសអំណោយផលដល់ការចរចាប្រកបដោយការស្ថាបនា ក្នុងក្របខណ្ឌនៃដំណើរការផ្សះផ្សា។ គណៈកម្មការផ្សះផ្សានឹងរៀបចំកិច្ចប្រជុំលើកទី៣ របស់ខ្លួនជាមួយភាគីកម្ពុជានិងថៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

គណៈប្រតិភូកម្ពុជា បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ សម្រាប់ការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការសម្រួលការពិភាក្សាប្រកបដោយការស្ថាបនារវាងភាគីទាំងពីរ និងជួយភាគីទាំងពីរឱ្យឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្តទាំងនេះ។ គណៈកម្មការផ្សះផ្សា នឹងចេញសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ខ្លួនស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២នេះ នៅក្នុងពេលវេលាសមស្រប។

ទី២. ដំណោះស្រាយព្រំដែនគោក៖

ជាប្រទេសដែលយល់ច្បាស់ពីតម្លៃសន្តិភាព កម្ពុជាគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់បំផុតនូវបទឈប់បាញ់ និងស្មារតីក៏ដូចជាខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារកិច្ចឱ្យគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ចុះវាស់វែងកំណត់ខ័ណ្ឌសីមាប្រទេសទាំងពីរជាបន្ទាន់ ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ កម្ពុជាបានប្រកាន់យកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចាការទូតពីព្រោះជម្លោះប្រដាប់អាវុធមិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយ។

ក្នុងកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជានៅតែមានក្តីបារម្ភចំពោះស្ថានភាពជាក់ស្ដែងនៅតាមតំបន់ដែលកងទ័ពថៃកំពុងកាន់កាប់ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ ការខ័ណ្ឌសីមាព្រំដែនតាមរយៈគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ដែលជាយន្តការគន្លឹះសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងយ៉ាងច្បាស់ក្នុងកិច្ចព្រមព្រៀងកម្ពុជា-ថៃ រួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅមិនទាន់ត្រូវបានអនុវត្តជាក់ស្ដែងនៅលើទីតាំងនៅឡើយ។ ការយឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងនេះបានរារាំងប្រជាជនប្រមាណ២ម៉ឺននាក់ក្នុងការត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។

ទី៣. ពាក់ព័ន្ធនឹងជនភៀសសឹក៖ រហូតមកទល់ពេលនេះ ជនភៀសសឹកកម្ពុជាដែលនៅសល់ប្រមាណជា ២ម៉ឺននាក់មិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារការរារាំងដោយបន្លាលួស ទូរកុងតឺន័រ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងដោយកងកម្លាំងថៃ។ កម្ពុជាទាមទារឱ្យជនភៀសសឹកទាំងនោះវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដូចអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាអះអាងថា ស្របតាមច្បាប់អន្តរជាតិ ជនស៊ីវិលមានសិទ្ធិវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញបាន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

ដោយ ៖ សិលា


ចែករំលែក៖