ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Iwona Kmiecik ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន IM Capital Holding និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួបនេះ, លោកស្រីអគ្គនាយិកាក្រុមហ៊ុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់ការវិនិយោគ ដែលធ្វើឱ្យប្រតិបត្តិការអាជីវកម្ម និងគម្រោងនានារបស់ក្រុមហ៊ុនដំណើរការទៅយ៉ាងរលូន, ជោគជ័យ និងបន្តវិវឌ្ឍទៅមុខជាលំដាប់។ លោកស្រីបានបន្តថា ជាមួយនឹងសុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ដែលជាបុរេលក្ខខណ្ឌដ៏សំខាន់សម្រាប់វិនិយោគិន បានផ្ដល់ទំនុកចិត្តយ៉ាងរឹងមាំដល់ជនបរទេស និងវិនិយោគិនអន្តរជាតិ។ បន្ថែមលើនេះ, លោកស្រីក៏បានគូសបញ្ជាក់អំពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា ដោយមានគម្រោងពង្រីកការវិនិយោគរបស់ខ្លួនទៅកាន់តំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀត។ ជាមួយនឹងកំណើននៃចំណាប់អារម្មណ៍កាន់តែច្រើនរបស់ក្រុមហ៊ុន និងសហគ្រាសប៉ូឡូញមកលើទីផ្សារកម្ពុជា, លោកស្រីក៏បានគោរពស្នើសុំការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា លើគំនិតផ្ដួចផ្ដើមក្នុងការរៀបចំវេទិកាធុរកិច្ចប៉ូឡូញ-កម្ពុជា និងការបង្កើតសភាពាណិជ្ជកម្មប៉ូឡូញ-កម្ពុជានាពេលខាងមុខ ដើម្បីផ្សារភ្ជាប់វិស័យឯកជនរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ។

ជាការឆ្លើយតប, សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់លោកស្រីអគ្គនាយិកាក្រុមហ៊ុន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់ធុរកិច្ច។ សម្តេចធិបតី បានគូសរំលេចពីសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា, ជាមួយនឹងគោលនយោបាយគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដូចជាការធ្វើទំនើបកម្មឌីជីថលក្នុងវិស័យទេសចរណ៍ និងអន្តោប្រវេសន៍ ដែលរួមមានការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទិដ្ឋាការអេឡិចត្រូនិក( E-Visa)  និងច្រកទ្វារអន្តរជាតិស្វ័យប្រវត្តិ (Smart Gates) នៅតាមអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា ដែលសុទ្ធតែជាកត្តាអំណោយផលដល់ការវិនិយោគក្នុងវិស័យទេសចរណ៍។ ព្រមជាមួយគ្នានេះ, សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបង្កើតកញ្ចប់ទេសចរណ៍ចម្រុះ និងទូលំទូលាយ ដែលតភ្ជាប់អ្នកទេសចរឱ្យហួសពីតំបន់កោះ និងឆ្នេរសមុទ្រ ឆ្ពោះទៅកាន់ប៉ូលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍នៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍ដ៏សម្បូរបែបរបស់ខ្លួនទៅកាន់ពិភពលោក។

មុននឹងបញ្ចប់, សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះការគ្រោងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចប៉ូឡូញមកកាន់កម្ពុជានាពេលខាងមុខ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន IM Capital Holding បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ពន្ធកម្ពុជា, ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាទេសចរណ៍កម្ពុជា ដើម្បីពិភាក្សាលម្អិតបន្ថែម សំដៅប្រែក្លាយផែនការ និងគំនិតផ្តួចផ្ដើមខាងលើឱ្យទៅជាសកម្មភាពជាក់ស្ដែង និងធានាបាននូវភាពជោគជ័យរបស់ក្រុមហ៊ុនសម្រាប់រយៈពេលវែង៕

ដោយ៖តារា


ចែករំលែក៖