ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត ចុះធ្វើរដ្ឋបាលចំហរ ឃាត់ជនសង្ស័យចំនួន ៩នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)និងជនសង្ស័យចំនួន ៥នាក់ ជាប់ពាក់ព័ន្ធការប្រើប្រាស់ថ្នាំញៀន និងប្រើប្រាស់អាវុធខុសច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត ចុះធ្វើរដ្ឋបាលចំហរ  ឃាត់ជនសង្ស័យចំនួន ៩នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)និងជនសង្ស័យចំនួន ៥នាក់ ជាប់ពាក់ព័ន្ធការប្រើប្រាស់ថ្នាំញៀន និងប្រើប្រាស់អាវុធខុសច្បាប់។

សមត្ថកិច្ចនគរបាលក្រុងបាវិតបាមអោយដឹងថា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត ដឹកនាំដោយ លោក ម៉ែន ចាន់រ៉ា អភិបាល នៃគណៈអភិបាលក្រុង បានសហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយ លោកវរសេនីយ៍ឯក ស្រេង ហួត ស្នងការរងខេត្តស្វាយរៀង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះធ្វើរដ្ឋបាលចំហរ ទីតាំងសង្ស័យពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ៤ទីតាំង ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត។

សមាសភាពចូលរួមមាន លោកអភិបាលរងក្រុង លោកអធិការនគរបាលក្រុង លោកអធិការរងក្រុង លោកនាយសេនាធិការ អ.ហ ក្រុង លោកនាយករងរដ្ឋបាលក្រុង លោកនាយរងប៉ុស្ថិ៍រដ្ឋបាល និងលោកមេភូមិបាវិតលើ។

សមត្ថកិច្ចបញ្ជាក់ទៀតថា ជាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យឃើញរួមមាន

ទីតាំងទី១៖ វីឡា របស់លោកស្រី សែម សាម៉ៃ មានជនបរទេសស្នាក់នៅចំនួន ៤នាក់ (ប្រុស) មានលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាពត្រឹមត្រូវ។

ទីតាំងទី២៖ វីឡា របស់លោក ជីម គាហួរ រកឃើញមានជាប់សង្ស័យពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) សរុប ចំនួន ៩នាក់ (ស្រី ១នាក់) ជនជាតិ វៀតណាម ៥នាក់ (ស្រី ១នាក់) ជនជាតិខ្មែរ ៤នាក់ (ប្រុស) និងវត្ថុតាងរួមមាន ទូរសព្ទដៃផ្ទាល់ខ្លួន ទូរស័ព្ទសព្ទដៃចម្រុះ និងដុំ wifi។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងសម្រេចបិទទីតាំងខាងលើ។

ទីតាំងទី៣៖ ផ្ទះល្វែង របស់លោក ហម ខេង រកឃើញមានវត្ថុតាង កុំព្យូទ័រយួរដៃ ចំនួន ៤ គ្រឿង ដែលសង្ស័យពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) រីឯជនសង្ស័យបានរត់គេចខ្លួន។ ក្រុមការងារ បានសម្រេចបិទទីតាំងខាងលើជាបណ្ដោះអាសន្ន។

ទីតាំងទី៤៖ ផ្ទះល្វែង របស់លោក ស៊ុន ពៅ រកឃើញមានជាប់ពាក់ព័ន្ធការប្រើប្រាស់ថ្នាំញៀន និងប្រើប្រាស់អាវុធខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ (ស្រី ២នាក់) ជាជនជាតិ វៀតណាម ព្រមទាំងវត្ថុតាងរួមមាន៖ កាំភ្លើងខ្លី គ្រាប់កាំភ្លើង បង់កាំភ្លើង ក្រាមពណ៌ស ដុំក្រាមពណ៌ស ថ្នាំគ្រាប់ពណ៌ក្រហមថ្នាំកញ្ចប់ពណ៌លឿង MANGO ថ្នាំកញ្ចប់ពណ៌ទឹកសមុទ្ររូបសេះ និងជញ្ជីងថ្លឹង។

ចំពោះជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្វាយរៀង ដើម្បីបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖