ខេត្តកំពត៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីឃាតកម្មនៅស្រុកឈូក ខេត្តកំពត។
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៥និង ០០នាទីរសៀល មានករណី ឃាតកម្មគិតទុកជាមុន នៅចំណុចភូមិតេជោអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុមបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ណុប ចាន់រិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ និងអធិការដ្ឋាននគរបាលស្រុកកំរៀង និងស្រុកសំពៅលូន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរហូតកំណត់បាន អត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។
លុះនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង២១និង ៥០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផល នឹម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិអូរទឹកថ្លា ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
ជនសង្ស័យខាងលើបានឆ្លើយសារភាពថា កាលពីថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៦ ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព ឃាតកម្មគិតទុកជាមុនប្រាកដមែន។ មូលហេតុដោយសារតែជនរងគ្រោះបានលួចខ្សែភ្លើងរបស់ម្តាយខ្លួន ហើយនឹងមានការគុំគួនជាមួយជនរងគ្រោះនាពេលកន្លងមក។
បច្ចុប្បន្ន ជនសង្ស័យកំពុងបញ្ជូនខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្តនីតិវិធី៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច