ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០ នាទី ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានចាត់កម្លាំងផ្នែកសណ្តាប់ធ្នាប់សាធារណៈ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះផ្សព្វផ្សាយ និងណែនាំដល់អាជីវករដែលលក់ដូរតាមចិញ្ចើមផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្នុងឱកាសនោះ សមត្ថកិច្ចបានណែនាំដល់អាជីវករ និងប្រជាពលរដ្ឋឱ្យបញ្ឈប់ការយកចិញ្ចើមផ្លូវធ្វើជាទីតាំងលក់ដូរ ដែលអាចបង្កការកកស្ទះ និងរំខានដល់ការធ្វើដំណើរ ព្រមទាំងស្នើឱ្យរៀបចំទីតាំងប្រកបអាជីវកម្មឱ្យបានត្រឹមត្រូវ ដោយមិនប៉ះពាល់ដល់សិទ្ធិប្រើប្រាស់ផ្លូវរបស់អ្នកដទៃ។
ជាមួយគ្នានេះ សមត្ថកិច្ចបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជីវករចូលរួមសហការគោរពច្បាប់ រក្សាសណ្តាប់ធ្នាប់សាធារណៈ កាត់បន្ថយការកកស្ទះចរាចរណ៍ និងរួមគ្នាលើកកម្ពស់សោភ័ណភាពតាមដងផ្លូវក្នុងមូលដ្ឋាន។
ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ គឺជាចំណែកសំខាន់ក្នុងការធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ៕

ដោយ៖ សីហា សែនសុខ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច