ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកក្លិបនារីជាលើកដំបូងនៅឆ្នាំ២០២៨

ចែករំលែក៖

សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកក្លិបនារី (Women’s Club World Cup) ជាលើកដំបូងនៅខែមករា ឆ្នាំ២០២៨។ មកទល់ពេលនេះ មានក្លិបចំនួន ៧ បានបញ្ជាក់សិទ្ធិចូលរួមរួចហើយ ក្នុងចំណោមក្លិបសរុប ១៩ ដែលនឹងចូលរួមការប្រកួតនេះ។

ក្លិបទាំង ៧ ដែលបានកក់កៅអីរួចហើយ រួមមាន Arsenal Women, Club América Femenil, FC Barcelona Femení, Gotham FC, Naegohyang Women’s FC, SC Corinthians និង Wuhan Jiangda WFC។ ចំណែកកៅអីចំនួន ១២ ទៀត មិនទាន់កំណត់បាននៅឡើយទេ។

ការប្រកួតនេះនឹងមានក្លិបមកពីសហព័ន្ធបាល់ទាត់ទាំង ៦ តំបន់ទូទាំងពិភពលោក ដោយសហព័ន្ធ AFC, CAF, CONCACAF និង CONMEBOL នីមួយៗទទួលបាន ៣ កៅអី សហព័ន្ធ OFC ទទួលបាន ១ កៅអី និងសហព័ន្ធ UEFA ទទួលបាន ៦ កៅអី។ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី៣០ ខែមករា។

លោកស្រី Sarai Bareman ប្រធានផ្នែកបាល់ទាត់នារីរបស់ FIFA បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងបានធ្វើការវាយតម្លៃយ៉ាងលម្អិត ដើម្បីស្វែងរកប្រទេសដែលសមស្របបំផុតសម្រាប់ធ្វើជាម្ចាស់ផ្ទះការប្រកួត FIFA Women’s Club World Cup ជាលើកដំបូង»។

លោកស្រីបានបន្តថា៖ «ជាចុងក្រោយ សមត្ថភាពដ៏ល្អប្រសើររបស់សហរដ្ឋអាមេរិកក្នុងការរៀបចំការប្រកួតកំពូលៗរបស់ FIFA នាពេលថ្មីៗនេះ រួមជាមួយនឹងចំណាប់អារម្មណ៍យ៉ាងខ្លាំងលើបាល់ទាត់នារីនៅក្នុងប្រទេសនេះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធកីឡាកម្រិតខ្ពស់ បានធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាជម្រើសដ៏លេចធ្លោបំផុត»។

FIFA កំពុងខិតខំពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារអាមេរិក ដែលមានសក្តានុពលរកប្រាក់ចំណូលខ្ពស់។ សហរដ្ឋអាមេរិកធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកក្លិបបុរសក្នុងឆ្នាំ២០២៥ ហើយក៏បានធ្វើជាសហម្ចាស់ផ្ទះការប្រកួត FIFA World Cup នៅដើមឆ្នាំនេះ ជាមួយប្រទេសម៉ិកស៊ិក និងកាណាដាផងដែរ។

សហរដ្ឋអាមេរិកត្រូវបានរំពឹងថានឹងធ្វើជាសហម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំ២០៣១ ជាមួយប្រទេសកូស្តារីកា ហ្សាម៉ាអ៊ីក និងម៉ិកស៊ិក។ ការអនុម័តជាផ្លូវការពី FIFA ត្រូវបានរំពឹងថានឹងធ្វើឡើងនៅខែក្រោយ៕

ដោយ៖ ភារៈ


ចែករំលែក៖