ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ២នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ព្រមទាំងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង និងលោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរង ដោយសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ។
ជនសង្ស័យទាំង ២នាក់ ត្រូវបានសង្ស័យថាពាក់ព័ន្ធនឹងបទល្មើសដែលកើតឡើងនៅផ្ទះសំណាក់យីហោ «ជឺជាំង» ស្ថិតក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានទូរស័ព្ទដៃ ២គ្រឿង លិខិតឆ្លងដែន ២ច្បាប់ រថយន្ត Alphard ១គ្រឿង រថយន្ត Prius ១គ្រឿង និងកាំបិតខ្លី ១ដើម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី ខណៈបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច