ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូណេស៊ីនឹងធ្វើរឿងមួយដល់ពលរដ្ឋខ្លួនដើម្បីកាត់បន្ថយចំណាយធ្វើដំណើរចុងឆ្នាំ

ចែករំលែក៖

ប្រទេសឥណ្ឌូណេស៊ី ដែលមានផលិតផលក្នុងស្រុកសរុប (GDP) ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ នឹងបញ្ចុះតម្លៃសំបុត្រយន្តហោះថ្នាក់សេដ្ឋកិច្ចសម្រាប់ជើងហោះហើរក្នុងស្រុកពី ១១% ដល់ ១៣% ក្នុងអំឡុងពេលបុណ្យណូអែលឆ្នាំ២០២៦ និងចូលឆ្នាំថ្មីឆ្នាំ២០២៧ ក្រោមកញ្ចប់វិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។

យោងតាមទីភ្នាក់ងារព័ត៌មាន Antara ការបញ្ចុះតម្លៃនេះនឹងអនុវត្តចំពោះជើងហោះហើរចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៦ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៧ ដើម្បីកាត់បន្ថយចំណាយធ្វើដំណើរក្នុងរដូវកាលមមាញឹកចុងឆ្នាំ។

សំបុត្រសម្រាប់ជើងហោះហើរដែលមានសិទ្ធិទទួលបានការបញ្ចុះតម្លៃ អាចកក់បានចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

សារព័ត៌មាន Jakarta Post បានរាយការណ៍ថា វិធានការនេះមានគោលបំណងកាត់បន្ថយចំណាយធ្វើដំណើរក្នុងអំឡុងថ្ងៃឈប់សម្រាកចុងឆ្នាំ តាមរយៈការបញ្ចុះតម្លៃលើមធ្យោបាយដឹកជញ្ជូនមួយចំនួន និងការលើកទឹកចិត្តផ្នែកពន្ធសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសក្នុងស្រុក។

រដ្ឋាភិបាលនឹងរ៉ាប់រងពន្ធលើតម្លៃបន្ថែម (VAT) ចំនួន ១០០% លើសំបុត្រយន្តហោះដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ព្រមទាំងផ្តល់ការបញ្ចុះតម្លៃ ៥០% លើកម្រៃសេវាព្រលានយន្តហោះ។

ការបញ្ចុះតម្លៃនេះរួមមាន កម្រៃសេវាអ្នកដំណើរ និងថ្លៃចុះចត ចតយន្តហោះ និងសេវាផ្ទុកយន្តហោះ។

យោងតាមទិន្នន័យផ្លូវការ ឥណ្ឌូណេស៊ីបានកត់ត្រាការធ្វើដំណើរទេសចរណ៍ក្នុងស្រុកចំនួន ៨៤២.១៥ លានលើក ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៦ កើនឡើង ៤,២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ដោយ៖ភារៈ


ចែករំលែក៖